គម្ពីរសញ្ញាថ្មី

យ៉ូហាន 16:16-21 Khmer Christian Bible (KCB)

16. នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ»។​

17. ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ខ្លះ​បាន​និយាយ​គ្នា​ថា៖​ «តើ​មាន​ន័យ​យ៉ាង​ដូចម្ដេច​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​យើង​ថា​ នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​ អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ​ ហើយ​មាន​បន្ទូល​ទៀត​ថា​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា?»​

18. ពេល​នោះ​ពួកគេ​និយាយ​ថា៖​ «តើ​ព្រះអង្គ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច?​ យើង​មិន​យល់​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល​នោះ​ទេ»។​

19. ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ជ្រាប​ថា​ ពួកគេ​ចង់​សួរ​ព្រះអង្គ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​កំពុង​សួរ​គ្នា​អំពី​ពាក្យ​នេះ‍​ឬ​ ដែល​ខ្ញុំ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ?​

20. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នក​រាល់គ្នា​នឹង​យំ​ ហើយ​កាន់​ទុក្ខ​ ប៉ុន្ដែ​ លោកិយ​នេះ​នឹង​អរ​សប្បាយ។​ អ្នក​រាល់គ្នា​នឹង​ព្រួយ​ចិត្ដ​ ប៉ុន្ដែ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់គ្នា​ នឹង​ត្រលប់​ជា​អំណរ​វិញ​

21. ដ្បិត​ពេល​ស្រ្ដី​សម្រាល​កូន​ នាង​ព្រួយ​ចិត្ដ​ ព្រោះ​​ពេល​កំណត់​របស់​នាង​មក​ដល់​ ប៉ុន្ដែ​ពេល​សម្រាល​កូន​ហើយ​ នាង​ក៏​លែង​នឹក​ចាំ​ពី​សេចក្ដី​វេទនា​ទាំងនោះ​ទៀត​ហើយ​ ព្រោះ​មាន​អំណរ​ដែល​មនុស្ស​ម្នាក់​បាន​កើត​មក​ក្នុង​ពិភពលោក​នេះ។​

សូមអានជំពូកពេញលេញ យ៉ូហាន 16