គម្ពីរសញ្ញាថ្មី

យ៉ូហាន 16:12-26 Khmer Christian Bible (KCB)

12. ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ទៀត​ដែល​ត្រូវ​ប្រាប់​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ពុំ​អាច​ទទួល​បាន​ទេ។​

13. នៅ​ពេល​ព្រះអង្គ​ដែល​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត​មក​ដល់​ ព្រះអង្គ​នឹង​នាំ​អ្នក​រាល់គ្នា​ទៅ​ក្នុង​គ្រប់​ទាំង​សេចក្ដី​ពិត​ ដ្បិត​ព្រះអង្គ​នឹង​មិន​មាន​បន្ទូល​តាម​តែ​ព្រះអង្គ​ផ្ទាល់​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះអង្គ​នឹង​មាន​បន្ទូល​អំពី​អ្វី​ដែល​ព្រះអង្គ​បាន​ឮ​ ហើយ​ព្រះអង្គ​នឹង​បញ្ជាក់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​អំពី​ហេតុការណ៍​ដែល​ត្រូវ​មក​ដល់​

14. ព្រះអង្គ​នឹង​តម្កើង​ខ្ញុំ​ឡើង​ ព្រោះ​ព្រះអង្គ​នឹង​ទទួល​យក​អ្វីៗ​ជា​របស់​ខ្ញុំ​មក​ប្រាប់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​

15. អ្វីៗ​ដែល​ព្រះវរបិតា​មាន​គឺ​ជា​របស់​ខ្ញុំ​ ហេតុនេះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា​ ព្រះអង្គ​នឹង​ទទួល​យក​អ្វីៗ​ជា​របស់​ខ្ញុំ​មក​ប្រាប់​ឲ្យ​អ្នក​រាល់គ្នា​ដឹង។​

16. នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ»។​

17. ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ខ្លះ​បាន​និយាយ​គ្នា​ថា៖​ «តើ​មាន​ន័យ​យ៉ាង​ដូចម្ដេច​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​យើង​ថា​ នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​ អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ​ ហើយ​មាន​បន្ទូល​ទៀត​ថា​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា?»​

18. ពេល​នោះ​ពួកគេ​និយាយ​ថា៖​ «តើ​ព្រះអង្គ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច?​ យើង​មិន​យល់​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល​នោះ​ទេ»។​

19. ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ជ្រាប​ថា​ ពួកគេ​ចង់​សួរ​ព្រះអង្គ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​កំពុង​សួរ​គ្នា​អំពី​ពាក្យ​នេះ‍​ឬ​ ដែល​ខ្ញុំ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ?​

20. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នក​រាល់គ្នា​នឹង​យំ​ ហើយ​កាន់​ទុក្ខ​ ប៉ុន្ដែ​ លោកិយ​នេះ​នឹង​អរ​សប្បាយ។​ អ្នក​រាល់គ្នា​នឹង​ព្រួយ​ចិត្ដ​ ប៉ុន្ដែ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់គ្នា​ នឹង​ត្រលប់​ជា​អំណរ​វិញ​

21. ដ្បិត​ពេល​ស្រ្ដី​សម្រាល​កូន​ នាង​ព្រួយ​ចិត្ដ​ ព្រោះ​​ពេល​កំណត់​របស់​នាង​មក​ដល់​ ប៉ុន្ដែ​ពេល​សម្រាល​កូន​ហើយ​ នាង​ក៏​លែង​នឹក​ចាំ​ពី​សេចក្ដី​វេទនា​ទាំងនោះ​ទៀត​ហើយ​ ព្រោះ​មាន​អំណរ​ដែល​មនុស្ស​ម្នាក់​បាន​កើត​មក​ក្នុង​ពិភពលោក​នេះ។​

22. ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ព្រួយ​ចិត្ដ​មែន​ ប៉ុន្ដែ​ខ្ញុំ​នឹង​ជួប​អ្នក​រាល់គ្នា​ម្តង​ទៀត​ ហើយ​ចិត្ត​របស់​អ្នក​រាល់គ្នា​នឹង​អរ​សប្បាយ​វិញ​ រួច​គ្មាន​អ្នកណា​ដក​យក​អំណរ​នេះ​ពី​អ្នក​រាល់គ្នា​បាន​ឡើយ​

23. ហើយ​នៅ​ថ្ងៃ​នោះ​អ្នក​រាល់គ្នា​លែង​សួរ​អ្វី​ខ្ញុំ​ទៀត​ហើយ។​ ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្វីៗ​ដែល​អ្នក​រាល់គ្នា​សុំ​ពី​ព្រះវរបិតា​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ នោះ​ព្រះអង្គ​នឹង​ប្រទាន​ដល់​អ្នក​រាល់គ្នា។​

24. រហូត​មក​ដល់​ពេល​នេះ​អ្នក​រាល់គ្នា​មិន​ដែល​បាន​សូម​អ្វី​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ!​ ចូរ​សូម​ចុះ​ នោះ​អ្នក​រាល់គ្នា​នឹង​បាន​ ហើយ​អំណរ​របស់​អ្នក​រាល់គ្នា​នឹង​បាន​ពេញ​បរិបូរ។​

25. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​អំពី​សេចក្ដី​ទាំងនេះ​ ប៉ុន្ដែ​កាល​ណា​ពេល​កំណត់​មក​ដល់​ ខ្ញុំ​លែង​និយាយ​នឹង​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ច្បាស់​អំពី​ព្រះវរបិតា​

26. ហើយ​នៅ​ថ្ងៃនោះ​អ្នក​រាល់គ្នា​នឹង​សុំ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់គ្នា​ថា​ ខ្ញុំ​នឹង​សុំ​ព្រះវរបិតា​ជំនួស​អ្នក​រាល់គ្នា​ទេ​

សូមអានជំពូកពេញលេញ យ៉ូហាន 16