2. មែកទាំងឡាយណាដែលនៅជាប់នឹងខ្ញុំ ប៉ុន្ដែមិនបង្កើតផលផ្លែ នោះព្រះអង្គក៏កាត់ចោល រីឯមែកទាំងឡាយណាដែលបង្កើតផលផ្លែ នោះព្រះអង្គក៏លួសវា ដើម្បីឲ្យបង្កើតផលកាន់តែច្រើនឡើង។
3. ប៉ុន្ដែអ្នករាល់គ្នាបានស្អាតរួចហើយ ដោយសារតែពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា
4. ដូច្នេះចូរនៅជាប់នឹងខ្ញុំចុះ នោះខ្ញុំក៏នៅជាប់នឹងអ្នករាល់គ្នាដែរ ដ្បិតគ្មានមែកណាអាចបង្កើតផលដោយខ្លួនឯងបានទេ លុះត្រាតែនៅជាប់នឹងដើម រីឯអ្នករាល់គ្នាក៏ដូច្នេះដែរ លុះត្រាតែនៅជាប់នឹងខ្ញុំ
5. ព្រោះខ្ញុំជាដើមទំពាំងបាយជូរ ឯអ្នករាល់គ្នាជាមែក អ្នកណានៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ អ្នកនោះនឹងបង្កើតផលបានច្រើន ព្រោះបើដាច់ចេញពីខ្ញុំ នោះអ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
6. ដូច្នេះបើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែកដែលត្រូវកាត់បោះចោល ហើយក្រៀមស្វិត រួចគេក៏ប្រមូលមែកទាំងនោះបោះទៅក្នុងភ្លើង ហើយឆេះអស់ទៅ
7. ប៉ុន្ដែបើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យរបស់ខ្ញុំនៅជាប់នឹងអ្នករាល់គ្នា នោះចូរសូមអ្វីៗតាមប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នា
8. ដ្បិតព្រះវរបិតារបស់ខ្ញុំបានតម្កើងឡើង ដោយសារតែសេចក្ដីនេះឯង គឺឲ្យអ្នករាល់គ្នាបង្កើតផលបានច្រើន យ៉ាងនោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។
9. ព្រះវរបិតាបានស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំក៏ស្រឡាញ់អ្នករាល់គ្នាយ៉ាងនោះដែរ ដូច្នេះចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ
10. បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិរបស់ខ្ញុំ នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមបញ្ញត្តិព្រះវរបិតារបស់ខ្ញុំ ហើយនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។
11. ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយ ដើម្បីឲ្យអំណររបស់ខ្ញុំមានដល់អ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាបានពេញបរិបូរ។
12. នេះជាបញ្ញត្តិរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចជាខ្ញុំស្រឡាញ់អ្នករាល់គ្នាដែរ
13. ដ្បិតមនុស្សម្នាក់លះបង់ជីវិតដើម្បីមិត្ដសម្លាញ់របស់ខ្លួន នោះគ្មានសេចក្ដីស្រឡាញ់ណាធំជាងសេចក្ដីស្រឡាញ់នេះទៀតឡើយ។
14. ដូច្នេះ បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា នោះអ្នករាល់គ្នាជាមិត្ដសម្លាញ់របស់ខ្ញុំ។
15. ខ្ញុំមិនហៅអ្នករាល់គ្នាថា បាវបម្រើទៀតទេ ព្រោះបាវបម្រើមិនដឹងថា ចៅហ្វាយរបស់ខ្លួនធ្វើអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំហៅអ្នករាល់គ្នាថា មិត្ដសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងអំពីអ្វីៗដែលខ្ញុំបានឮពីព្រះវរបិតារបស់ខ្ញុំ
16. ដ្បិតមិនមែនអ្នករាល់គ្នាជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ព្រមទាំងតាំងអ្នករាល់គ្នាឲ្យចេញទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅស្ថិតស្ថេរ ដូច្នេះហើយ អ្វីក៏ដោយដែលអ្នករាល់គ្នាសុំព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។
17. ដូច្នេះនេះជាសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។
18. បើលោកិយស្អប់អ្នករាល់គ្នា នោះចូរដឹងថា មុនអ្នករាល់គ្នា គេបានស្អប់ខ្ញុំរួចហើយ
19. បើអ្នករាល់គ្នាជារបស់លោកិយ នោះលោកិយនឹងស្រឡាញ់អ្នករាល់គ្នា ប៉ុន្ដែព្រោះតែខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីលោកិយ នោះអ្នករាល់គ្នាមិនមែនជារបស់លោកិយទៀតទេ ហេតុនេះហើយបានជាលោកិយស្អប់អ្នករាល់គ្នា
20. ប៉ុន្ដែចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា បាវបម្រើមិនដែលធំជាងចៅហ្វាយរបស់ខ្លួនទេ បើគេបានបៀតបៀនខ្ញុំទៅហើយ នោះគេមុខជាបៀតបៀនអ្នករាល់គ្នាដែរ បើគេកាន់តាមពាក្យរបស់ខ្ញុំ នោះគេមុខជាកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ