គម្ពីរសញ្ញាថ្មី

យ៉ូហាន 15:11-22 Khmer Christian Bible (KCB)

11. ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ហើយ​ ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​មាន​ដល់​អ្នក​រាល់គ្នា​ ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់គ្នា​បាន​ពេញ​បរិបូរ។​

12. នេះ​ជា​បញ្ញត្តិ​របស់​ខ្ញុំ​ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ ដូច​ជា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ​

13. ដ្បិត​មនុស្ស​ម្នាក់​លះបង់​ជីវិត​ដើម្បី​មិត្ដ​សម្លាញ់​របស់​ខ្លួន​ នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​ណា​ធំ​ជាង​សេចក្ដី​ស្រឡាញ់​នេះ​ទៀត​ឡើយ។​

14. ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់គ្នា​ នោះ​អ្នក​រាល់គ្នា​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ។​

15. ខ្ញុំ​មិន​ហៅ​អ្នក​រាល់គ្នា​ថា​ បាវបម្រើ​ទៀតទេ​ ព្រោះ​បាវបម្រើ​មិន​ដឹង​ថា​ ចៅហ្វាយ​របស់​ខ្លួន​ធ្វើ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​ហៅ​អ្នក​រាល់គ្នា​ថា​ មិត្ដ​សម្លាញ់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំបាន​ឮ​ពី​ព្រះវរបិតា​របស់​ខ្ញុំ​

16. ដ្បិត​មិនមែន​អ្នក​រាល់គ្នា​ជ្រើសរើស​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ ព្រមទាំង​តាំង​អ្នក​រាល់គ្នា​ឲ្យចេញ​ទៅ​បង្កើត​ផល​ ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់គ្នា​បាន​នៅ​ស្ថិតស្ថេរ​ ដូច្នេះ​ហើយ​ អ្វី​ក៏ដោយ​ដែល​អ្នក​រាល់គ្នា​សុំ​ព្រះវរបិតា​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មិនខាន។​

17. ដូច្នេះ​នេះ​ជា​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់គ្នា​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក។​

18. បើ​លោកិយ​ស្អប់​អ្នក​រាល់គ្នា​ នោះ​ចូរ​ដឹង​ថា​ មុន​អ្នក​រាល់គ្នា​ គេ​បាន​ស្អប់​ខ្ញុំ​រួចហើយ​

19. បើ​អ្នក​រាល់គ្នា​ជា​របស់​លោកិយ​ នោះ​លោកិយ​នឹង​ស្រឡាញ់​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ព្រោះតែ​ខ្ញុំ​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ចេញពី​លោកិយ​ នោះ​អ្នក​រាល់គ្នា​មិនមែន​ជា​របស់​លោកិយ​ទៀតទេ​ ហេតុនេះ​ហើយ​បាន​ជា​លោកិយ​ស្អប់​អ្នក​រាល់គ្នា​

20. ប៉ុន្ដែ​ចូរ​នឹកចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ថា​ បាវបម្រើ​មិន​ដែល​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ​ បើ​គេ​បាន​បៀតបៀន​ខ្ញុំ​ទៅ​ហើយ​ នោះ​គេ​មុខជា​បៀតបៀន​អ្នក​រាល់គ្នា​ដែរ​ បើ​គេ​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ នោះ​គេ​មុខជា​កាន់​តាម​ពាក្យ​របស់អ្នក​រាល់គ្នា​ដែរ​

21. ប៉ុន្ដែ​ដោយព្រោះ​ឈ្មោះ​របស់​ខ្ញុំ​ គេ​មុខ​ជា​ធ្វើ​ការ​ទាំងនេះ​ដាក់​អ្នក​រាល់គ្នា​ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។​

22. បើ​ខ្ញុំ​មិន​បាន​មក​ ហើយ​ប្រាប់​ពួកគេ​ នោះ​ពួកគេ​គ្មាន​បាប​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ ពួកគេ​គ្មាន​សេចក្ដី​ដោះសារ​ឲ្យ​រួចពី​បាប​របស់​ពួកគេ​ឡើយ​

សូមអានជំពូកពេញលេញ យ៉ូហាន 15