1. ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតារបស់ខ្ញុំ ជាអ្នកថែទាំ
2. មែកទាំងឡាយណាដែលនៅជាប់នឹងខ្ញុំ ប៉ុន្ដែមិនបង្កើតផលផ្លែ នោះព្រះអង្គក៏កាត់ចោល រីឯមែកទាំងឡាយណាដែលបង្កើតផលផ្លែ នោះព្រះអង្គក៏លួសវា ដើម្បីឲ្យបង្កើតផលកាន់តែច្រើនឡើង។
3. ប៉ុន្ដែអ្នករាល់គ្នាបានស្អាតរួចហើយ ដោយសារតែពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា
4. ដូច្នេះចូរនៅជាប់នឹងខ្ញុំចុះ នោះខ្ញុំក៏នៅជាប់នឹងអ្នករាល់គ្នាដែរ ដ្បិតគ្មានមែកណាអាចបង្កើតផលដោយខ្លួនឯងបានទេ លុះត្រាតែនៅជាប់នឹងដើម រីឯអ្នករាល់គ្នាក៏ដូច្នេះដែរ លុះត្រាតែនៅជាប់នឹងខ្ញុំ
5. ព្រោះខ្ញុំជាដើមទំពាំងបាយជូរ ឯអ្នករាល់គ្នាជាមែក អ្នកណានៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ អ្នកនោះនឹងបង្កើតផលបានច្រើន ព្រោះបើដាច់ចេញពីខ្ញុំ នោះអ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
6. ដូច្នេះបើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែកដែលត្រូវកាត់បោះចោល ហើយក្រៀមស្វិត រួចគេក៏ប្រមូលមែកទាំងនោះបោះទៅក្នុងភ្លើង ហើយឆេះអស់ទៅ
7. ប៉ុន្ដែបើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យរបស់ខ្ញុំនៅជាប់នឹងអ្នករាល់គ្នា នោះចូរសូមអ្វីៗតាមប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នា
8. ដ្បិតព្រះវរបិតារបស់ខ្ញុំបានតម្កើងឡើង ដោយសារតែសេចក្ដីនេះឯង គឺឲ្យអ្នករាល់គ្នាបង្កើតផលបានច្រើន យ៉ាងនោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។
9. ព្រះវរបិតាបានស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំក៏ស្រឡាញ់អ្នករាល់គ្នាយ៉ាងនោះដែរ ដូច្នេះចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ
10. បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិរបស់ខ្ញុំ នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមបញ្ញត្តិព្រះវរបិតារបស់ខ្ញុំ ហើយនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។
11. ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយ ដើម្បីឲ្យអំណររបស់ខ្ញុំមានដល់អ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាបានពេញបរិបូរ។
12. នេះជាបញ្ញត្តិរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចជាខ្ញុំស្រឡាញ់អ្នករាល់គ្នាដែរ