គម្ពីរសញ្ញាថ្មី

យ៉ូហាន 14:12-21 Khmer Christian Bible (KCB)

12. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ​ ហើយ​គេ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នោះ​ផង​ ព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​ព្រះ​វរ​បិតា​វិញ​

13. ហើយ​អ្នក​រាល់គ្នា​សុំ​អ្វី​ក៏​ដោយ ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​ការ​នោះ​ ដើម្បី​ឲ្យ​ព្រះ​វរ​បិតា​បាន​តម្កើង​ឡើង​តាមរយៈ​ព្រះរាជ​បុត្រា​

14. ដូច្នេះ​បើ​អ្នក​រាល់គ្នា​សុំ​អ្វី​មួយ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​ការ​នោះ។​

15. បើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ អ្នក​រាល់គ្នា​មុខ​ជា​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​

16. ខ្ញុំ​នឹង​សុំ​ព្រះ​វរ​បិតា​ឲ្យ​ព្រះអង្គ​ប្រទាន​អ្នក​ជំនួយ​ម្នាក់​ទៀត​ដល់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​នៅ​ជាមួយ​អ្នក​រាល់គ្នា​អស់កល្ប​ជានិច្ច​

17. ហើយ​នោះ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត ​ប៉ុន្ដែ​ពិភពលោក​មិន​អាច​ទទួល​យក​ព្រះវិញ្ញាណ​នោះ​បាន​ទេ ​ព្រោះ​មើល​មិន​ឃើញ​ ហើយ​មិន​ស្គាល់​ផង​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ស្គាល់​ហើយ​ ដ្បិត​ព្រះវិញ្ញាណ​នោះ​បាន​គង់​ជាមួយ​អ្នក​រាល់គ្នា​ ហើយ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់គ្នា។​

18. រីឯ​ខ្ញុំ​មិនទុ​ក​ឲ្យ​អ្នក​រាល់គ្នា​នៅ​កំព្រា​ទេ​ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់គ្នា​វិញ​

19. បន្តិច​ទៀត​នេះ​ មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្តែ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់​ នោះ​អ្នក​រាល់គ្នា​ក៏​រស់​ដែរ​

20. រួច​នៅ​ថ្ងៃ​នោះ​អ្នក​រាល់គ្នា​នឹង​ដឹង​ថា​ ខ្ញុំ​នៅ​ក្នុង​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ អ្នក​រាល់គ្នា​នៅ​ក្នុង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែរ។​

21. ដូច្នេះ​អ្នកណា​មាន​បញ្ញត្ដិ​របស់​ខ្ញុំ​ ហើយ​កាន់​តាម​ អ្នក​នោះ​ហើយ​ជា​អ្នក​ស្រឡាញ់​ខ្ញុំ​ រួច​អ្នកណា​ដែល​ស្រឡាញ់​ខ្ញុំ​ ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ​ ព្រមទាំង​បង្ហាញ​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​នោះ​ស្គាល់​ផង»។​

សូមអានជំពូកពេញលេញ យ៉ូហាន 14