គម្ពីរសញ្ញាថ្មី

យ៉ូហាន 13:31-38 Khmer Christian Bible (KCB)

31. ពេល​គាត់​ចេញ​ផុត​ទៅ ​ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ថា៖​ «ឥឡូវ​នេះ​ កូន​មនុស្ស​បាន​តម្កើង​ឡើង​ហើយ​ ឯ​ព្រះជាម្ចាស់​ក៏​បាន​តម្កើង​ឡើង​តាមរយៈ​កូន​មនុស្ស​ដែរ​

32. ដូច្នេះ​បើ​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​តាមរយៈ​កូន​មនុស្ស​ នោះ​ព្រះអង្គ​ក៏​នឹង​តម្កើង​កូន​មនុស្ស​ឡើង​តាមរយៈ​ព្រះអង្គ​ដែរ​ ហើយ​ព្រះអង្គ​នឹង​តម្កើង​កូន​មនុស្ស​ឡើង​ឆាប់ៗ​នេះ។​

33. កូន​តូចៗ​អើយ!​ ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​តែ​បន្តិច​ទៀត​ទេ​ អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ​ ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​ជនជាតិ​យូដា​រួច​ហើយ​ ឥឡូវ​នេះ​ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់គ្នា​ដែរ​ថា​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​ពុំ​អាច​ទៅ​បាន​ទេ។​

34. ខ្ញុំ​ឲ្យ​បញ្ញត្តិ​ថ្មី​មួយ​ដល់​អ្នក​រាល់គ្នា​ គឺ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ចូរ​ស្រឡាញ់​គ្នា​ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ។​

35. មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​ អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។​

36. លោក​ស៊ីម៉ូនពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គនឹង​យាង​ទៅ​ណា?»​ ព្រះយេស៊ូ​ឆ្លើយ​ទៅ​គាត់​ថា៖​ «កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ អ្នក​ពុំ​អាច​ទៅ​តាម​ខ្ញុំ​បាន​ទេ​នៅ​ពេល​ឥឡូវ​នេះ​ ប៉ុន្ដែ​នៅ​ពេល​ក្រោយ​ ទើប​អ្នក​ទៅ​បាន»។​

37. លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​បាន​នៅ​ពេល​ឥឡូវ​នេះ?​ ខ្ញុំ​នឹង​លះបង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​ព្រះអង្គ»​

38. ព្រះយេស៊ូ​មាន​បន្ទូល​តប​ថា៖​ «តើ​អ្នក​នឹង​លះបង់​ជីវិត​ដើម្បី​ខ្ញុំ​ឬ?​ ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង។​

សូមអានជំពូកពេញលេញ យ៉ូហាន 13