26. ព្រះយេស៊ូឆ្លើយថា៖ «អ្នកនោះ ជាអ្នកដែលខ្ញុំជ្រលក់ចំណិតនំប៉័ងហុចទៅឲ្យ»។ ដូច្នេះព្រះអង្គក៏ជ្រលក់ចំណិតនំប៉័ង ហើយឲ្យទៅយូដាស ជាកូនរបស់លោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។
27. ក្រោយពីទទួលចំណិតនំប៉័ងនោះហើយ នោះអារក្សសាតាំងក៏ចូលគាត់ រួចព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកចង់ធ្វើអ្វី ចូរប្រញាប់ធ្វើចុះ»។
28. ក្នុងចំណោមពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាម្នាក់ដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលទៅគាត់ដូច្នេះឡើយ
29. ហើយមានអ្នកខ្លះស្មានថា ដោយព្រោះតែយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូប្រាប់គាត់ឲ្យទៅទិញឥវ៉ាន់ដែលត្រូវការសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកអ្វីដល់ពួកអ្នកក្រ។
30. កាលយូដាសបានទទួលចំណិតនំប៉័ងនោះហើយ គាត់ក៏ចេញទៅភ្លាម ពេលនោះយប់ហើយ។
31. ពេលគាត់ចេញផុតទៅ ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឥឡូវនេះ កូនមនុស្សបានតម្កើងឡើងហើយ ឯព្រះជាម្ចាស់ក៏បានតម្កើងឡើងតាមរយៈកូនមនុស្សដែរ
32. ដូច្នេះបើព្រះជាម្ចាស់បានតម្កើងឡើងតាមរយៈកូនមនុស្ស នោះព្រះអង្គក៏នឹងតម្កើងកូនមនុស្សឡើងតាមរយៈព្រះអង្គដែរ ហើយព្រះអង្គនឹងតម្កើងកូនមនុស្សឡើងឆាប់ៗនេះ។