គម្ពីរសញ្ញាថ្មី

យ៉ូហាន 13:22-32 Khmer Christian Bible (KCB)

22. ពេល​នោះ​ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ ទាំង​មិន​ដឹង​ថា ​ព្រះអង្គ​មាន​បន្ទូល​អំពី​អ្នកណា​ទេ។​

23. មាន​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់ ​គាត់​កំពុង​អង្គុយ​នៅ​តុ​អាហារ​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​

24. ដូច្នេះ ​លោក​ស៊ីម៉ូនពេត្រុស​ក៏​ធ្វើ​សញ្ញា​ឲ្យ​អ្នក​នោះ​ទូល​សួរ​ព្រះអង្គ​ អំពី​អ្នក​ដែល​ព្រះអង្គ​មាន​បន្ទូល​នោះ​

25. អ្នក​នោះ​ក៏​ទម្រេត​លើ​ព្រះឱរា​របស់​ព្រះយេស៊ូ​ ហើយ​សួរ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​អ្នក​នោះ​ជា​នរណា?»​

26. ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «អ្នក​នោះ​ ជា​អ្នក​ដែល​ខ្ញុំ​ជ្រលក់​ចំណិត​នំប៉័ង​ហុច​ទៅ​ឲ្យ»។​ ដូច្នេះ​ព្រះអង្គ​ក៏​ជ្រលក់​ចំណិត​នំប៉័ង​ ហើយ​ឲ្យ​ទៅ​យូដាស​ ជា​កូន​របស់​លោក​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត។​

27. ក្រោយពី​ទទួល​ចំណិត​នំប៉័ង​នោះ​ហើយ​ នោះ​អារក្ស​សាតាំង​ក៏​ចូល​គាត់​ រួច​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ចង់​ធ្វើ​អ្វី ​ចូរ​ប្រញាប់​ធ្វើ​ចុះ»។​

28. ក្នុង​ចំណោម​ពួកអ្នក​ដែល​អង្គុយ​នៅ​តុ​ គ្មាន​អ្នកណា​ម្នាក់​ដឹង​ថា​ ហេតុអ្វី​បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ដូច្នេះ​ឡើយ​

29. ហើយ​មាន​អ្នក​ខ្លះ​ស្មាន​ថា​ ដោយ​ព្រោះតែ​យូដាស​កាន់​ថង់​ប្រាក់​ បាន​ជា​ព្រះយេស៊ូ​ប្រាប់​គាត់​ឲ្យ​ទៅ​ទិញ​ឥវ៉ាន់​ដែល​ត្រូវ​ការ​សម្រាប់​ពិធី​បុណ្យ​ ឬ​ឲ្យ​គាត់​ទៅ​ចែក​អ្វី​ដល់​ពួកអ្នក​ក្រ។​

30. កាល​យូដាស​បាន​ទទួល​ចំណិត​នំប៉័ង​នោះ​ហើយ​ គាត់​ក៏​ចេញ​ទៅ​ភ្លាម​ ពេល​នោះ​យប់​ហើយ។​

31. ពេល​គាត់​ចេញ​ផុត​ទៅ ​ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ថា៖​ «ឥឡូវ​នេះ​ កូន​មនុស្ស​បាន​តម្កើង​ឡើង​ហើយ​ ឯ​ព្រះជាម្ចាស់​ក៏​បាន​តម្កើង​ឡើង​តាមរយៈ​កូន​មនុស្ស​ដែរ​

32. ដូច្នេះ​បើ​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​តាមរយៈ​កូន​មនុស្ស​ នោះ​ព្រះអង្គ​ក៏​នឹង​តម្កើង​កូន​មនុស្ស​ឡើង​តាមរយៈ​ព្រះអង្គ​ដែរ​ ហើយ​ព្រះអង្គ​នឹង​តម្កើង​កូន​មនុស្ស​ឡើង​ឆាប់ៗ​នេះ។​

សូមអានជំពូកពេញលេញ យ៉ូហាន 13