20. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ អ្នកនោះក៏ទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
21. កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ព្រះអង្គជ្រួលច្របល់ក្នុងវិញ្ញាណជាខ្លាំង ក៏ធ្វើបន្ទាល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នៅក្នុងចំណោមអ្នករាល់គ្នាមានម្នាក់នឹងក្បត់ខ្ញុំ»។
22. ពេលនោះពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក ទាំងមិនដឹងថា ព្រះអង្គមានបន្ទូលអំពីអ្នកណាទេ។
23. មានសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ គាត់កំពុងអង្គុយនៅតុអាហារផ្អែកលើព្រះឱរារបស់ព្រះអង្គ
24. ដូច្នេះ លោកស៊ីម៉ូនពេត្រុសក៏ធ្វើសញ្ញាឲ្យអ្នកនោះទូលសួរព្រះអង្គ អំពីអ្នកដែលព្រះអង្គមានបន្ទូលនោះ
25. អ្នកនោះក៏ទម្រេតលើព្រះឱរារបស់ព្រះយេស៊ូ ហើយសួរថា៖ «ព្រះអម្ចាស់អើយ! តើអ្នកនោះជានរណា?»
26. ព្រះយេស៊ូឆ្លើយថា៖ «អ្នកនោះ ជាអ្នកដែលខ្ញុំជ្រលក់ចំណិតនំប៉័ងហុចទៅឲ្យ»។ ដូច្នេះព្រះអង្គក៏ជ្រលក់ចំណិតនំប៉័ង ហើយឲ្យទៅយូដាស ជាកូនរបស់លោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។
27. ក្រោយពីទទួលចំណិតនំប៉័ងនោះហើយ នោះអារក្សសាតាំងក៏ចូលគាត់ រួចព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកចង់ធ្វើអ្វី ចូរប្រញាប់ធ្វើចុះ»។
28. ក្នុងចំណោមពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាម្នាក់ដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលទៅគាត់ដូច្នេះឡើយ
29. ហើយមានអ្នកខ្លះស្មានថា ដោយព្រោះតែយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូប្រាប់គាត់ឲ្យទៅទិញឥវ៉ាន់ដែលត្រូវការសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកអ្វីដល់ពួកអ្នកក្រ។
30. កាលយូដាសបានទទួលចំណិតនំប៉័ងនោះហើយ គាត់ក៏ចេញទៅភ្លាម ពេលនោះយប់ហើយ។