1. នៅមុនថ្ងៃបុណ្យរំលង ព្រះយេស៊ូបានជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវយាងចេញពីពិភពលោកនេះទៅឯព្រះវរបិតាបានមកដល់ហើយ។ ព្រះអង្គស្រឡាញ់អស់អ្នកដែលនៅជាមួយព្រះអង្គនៅក្នុងពិភពលោកនេះណាស់ ហើយព្រះអង្គក៏ស្រឡាញ់ពួកគេដល់ចុងបំផុតដែរ។
2. នៅពេលបរិភោគអាហារពេលយប់នោះ អារក្សសាតាំងបានចូលទៅក្នុងចិត្ដរបស់យូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូនរួចជាស្រេច ដើម្បីឲ្យក្បត់ព្រះអង្គ
3. ព្រះយេស៊ូបានដឹងថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះអង្គហើយ ព្រមទាំងដឹងទៀតថា ព្រះអង្គបានមកពីព្រះជាម្ចាស់ ហើយត្រូវទៅឯព្រះជាម្ចាស់វិញ
4. ដូច្នេះព្រះអង្គក៏ក្រោកចេញពីតុអាហារ ហើយដោះអាវវែងចេញ រួចយកកន្សែងមួយមកក្រវាត់ខ្លួន
5. បន្ទាប់មកព្រះអង្គចាក់ទឹកក្នុងចានក្លាំមួយ រួចចាប់ផ្ដើមលាងជើងរបស់ពួកសិស្ស ហើយយកកន្សែងដែលព្រះអង្គក្រវាត់នោះមកជូតផង។
6. ពេលព្រះអង្គមកដល់លោកស៊ីម៉ូនពេត្រុស នោះគាត់ទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងលាងជើងរបស់ខ្ញុំឬ?»
7. ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នៅពេលនេះ អ្នកមិនយល់អំពីអ្វីដែលខ្ញុំកំពុងធ្វើទេ ប៉ុន្ដែអ្នកនឹងយល់នៅពេលក្រោយ»
8. លោកពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងរបស់ខ្ញុំទេ!» ព្រះយេស៊ូមានបន្ទូលថា៖ «បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយខ្ញុំឡើយ»
9. នោះលោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមកុំលាងត្រឹមតែជើងរបស់ខ្ញុំ គឺសូមលាងទាំងដៃ ទាំងក្បាលផង»
10. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹករួចហើយ ត្រូវការលាងជើងតែប៉ុណ្ណោះ ដ្បិតខ្លួនទាំងមូលរបស់អ្នកនោះបានស្អាតហើយ រីឯអ្នករាល់គ្នាបានស្អាតហើយដែរ ប៉ុន្ដែមិនមែនទាំងអស់គ្នាទេ»
11. ដ្បិតព្រះអង្គបានស្គាល់អ្នកក្បត់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គមានបន្ទូលថា អ្នករាល់គ្នាមិនស្អាតទាំងអស់គ្នាទេ។
12. កាលព្រះអង្គលាងជើងរបស់ពួកគេរួចហើយ ព្រះអង្គក៏ពាក់អាវវែងវិញ រួចយាងទៅអង្គុយនៅតុអាហារវិញ ទាំងមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាយល់អំពីអ្វីដែលខ្ញុំបានធ្វើសម្រាប់អ្នករាល់គ្នាឬទេ?
13. អ្នករាល់គ្នាហៅខ្ញុំថា លោកគ្រូ និងព្រះអម្ចាស់ នោះអ្នករាល់គ្នាហៅត្រូវហើយ ព្រោះគឺខ្ញុំមែន!
14. ដូច្នេះបើខ្ញុំជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ នោះអ្នករាល់គ្នាគួរលាងជើងឲ្យគ្នាទៅវិញទៅមកដែរ