គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:6-25 Khmer Christian Bible (KCB)

6. គាត់​និយាយ​ដូច្នេះ​ មិន​មែន​ដោយ​ព្រោះ​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ក្រ​ទេ​ គឺ​គាត់​ជា​ចោរ​ ជា​អ្នក​កាន់​ថង់​ប្រាក់​ ហើយ​បាន​កេង​យក​របស់​ដែល​ដាក់​នៅ​ក្នុង​នោះ។​

7. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ទុក​ឲ្យ​នាង​ធ្វើ​ចុះ!​ ដ្បិត​នាង​ទុក​ប្រេង​ក្រអូប​នេះ​ សម្រាប់​ថ្ងៃ​បញ្ចុះ​សព​របស់​ខ្ញុំ។​

8. អ្នក​រាល់គ្នា​មាន​អ្នក​ក្រ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជានិច្ច​ ប៉ុន្ដែ​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជានិច្ច​ទេ»។​

9. មាន​ពួក​ជនជាតិ​យូដា​ច្រើន​កុះករ​បាន​ដឹង​ថា​ ព្រះអង្គ​គង់​នៅ​ទី​នោះ​ ដូច្នេះ​ពួកគេ​នាំ​គ្នា​មក​ ប៉ុន្ដែ​មិន​មែន​ដោយ​ព្រោះ​ព្រះយេស៊ូ​ប៉ុណ្ណោះ​ទេ​ គឺ​ពួកគេ​ចង់​ឃើញ​ឡាសារ​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​នោះ​ដែរ។​

10. ពួក​សម្ដច​សង្ឃ​ក៏​ពិគ្រោះ​គ្នា​ដើម្បី​សម្លាប់​ឡាសារ​ដែរ​

11. ហើយ​ដោយសារ​តែ​គាត់​ ជនជាតិ​យូដា​ជាច្រើន​ដក​ខ្លួន​ចេញ​ពី​ពួកគេ ​ទៅ​ជឿ​លើ​ព្រះយេស៊ូ​វិញ។​

12. នៅ​ថ្ងៃ​បន្ទាប់​ កាល​បណ្តាជន​ច្រើន​កុះករ​ ដែល​មក​ចូល​រួម​ពិធី​បុណ្យ​បាន​ឮ​ថា​ ព្រះយេស៊ូ​កំពុង​យាង​មក​ក្រុង​យេរូសាឡិម​

13. នោះ​ពួកគេ ​ក៏​យក​ធាង​ចាកចេញ​ទៅ​ទទួល​ព្រះអង្គ​ ទាំង​ស្រែក​ថា៖​ «ហូសាណា​ សូម​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ ជា​ស្តេច​របស់​ជនជាតិ​អ៊ីស្រាអែល!»​

14. កាល​ព្រះយេស៊ូ​រក​បាន​កូន​លា​មួយ​ក្បាល​ នោះ​ព្រះអង្គ​ក៏​គង់​លើ​ខ្នង​វា​ ស្រប​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ថា​

15. កុំ​ខ្លាច​អី​ កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ!​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ហើយ​ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា។​

16. មុន​ដំបូង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​យល់​សេចក្ដី​ទាំង​នេះ​ទេ​ ប៉ុន្ដែ​កាល​ព្រះយេស៊ូ​បាន​តម្កើង​ឡើង​ នោះ​ទើប​ពួកគេ​នឹក​ឃើញ​ថា​ សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​អំពី​ព្រះអង្គ​ ហើយ​ពួកគេ​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ​សម្រាប់​ព្រះអង្គ​ដែរ។​

17. រីឯ​បណ្តាជន​ដែល​នៅ​ជាមួយ​ព្រះអង្គ​ ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​ការ​ដែល​ព្រះអង្គ​បាន​ហៅ​ឡាសារ​ឲ្យ​ចេញ​ពី​ផ្នូរ​ និង​បាន​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​

18. ដូច្នេះ​ហើយ​បាន​ជា​មាន​បណ្តាជន​ទៅ​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​ឮ​ថា​ ព្រះអង្គ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​នោះ។​

19. ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​និយាយ​គ្នា​ថា៖​ «ឃើញ​ទេ ​យើង​មិន​ឈ្នះ​ទេ​ មើល៍​ មនុស្ស​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។​

20. ក្នុង​ចំណោម​ពួកអ្នក​ដែល​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្នុង​ពិធី​បុណ្យ​នោះ​ ក៏​មាន​ជនជាតិ​ក្រេក​ខ្លះ​ដែរ​

21. អ្នក​ទាំង​នោះ​បាន​ចូល​មក​ជិត​លោក​ភីលីព​ ជា​អ្នក​ក្រុង​បេតសៃដា​ ក្នុង​ស្រុក​កាលីឡេ ​ហើយ​ពួកគេ​សុំ​គាត់​ថា៖​ «លោក!​ យើង​ចង់​ឃើញ​ព្រះយេស៊ូ»​

22. ដូច្នេះ​លោក​ភីលីព​បាន​ទៅ​ប្រាប់​លោក​អនទ្រេ​ ហើយ​លោក​អនទ្រេ​ និង​លោក​ភីលីព​ក៏​ទៅ​ទូល​ព្រះយេស៊ូ។​

23. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគាត់​ថា៖​ «ពេល​ដែល​កូន​មនុស្ស​ត្រូវ​តម្កើង​ឡើង​នោះ​ បាន​មក​ដល់​ហើយ​

24. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​ បើ​មិន​ងាប់​ទេ​ គ្រាប់​នោះ​នៅ​តែមួយ​ដដែល​ ប៉ុន្ដែ​បើ​ងាប់​វិញ​ នោះ​ទើប​បង្កើត​ផល​បាន​ច្រើន​

25. អ្នកណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន​ នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​ស្អប់​ជីវិត​ខ្លួន​នៅ​ក្នុង​លោកិយ​នេះ​ អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​រហូត​អស់កល្ប​ជានិច្ច​

សូមអានជំពូកពេញលេញ យ៉ូហាន 12