គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:34-50 Khmer Christian Bible (KCB)

34. បណ្ដាជន​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «យើង​បាន​ឮ​ពី​គម្ពីរ​វិន័យ​ថា​ ព្រះគ្រិស្ដ​ត្រូវ​គង់​នៅ​អស់កល្ប​ជានិច្ច​ ចុះ​ហេតុ​ដូចម្តេច​បាន​ជា​អ្នក​និយាយ​ថា​ កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ?​ តើ​កូន​មនុស្ស​នោះ​ជា​នរណា?»​

35. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពន្លឺ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​តែមួយ​រយៈពេល​ខ្លី​ទេ​ ដូច្នេះ​ចូរ​ដើរ​នៅ​ពេល​ដែល​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​ចុះ​ ដើម្បី​កុំ​ឲ្យ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់គ្នា​ទាន់​ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ គេ​មិន​ដឹង​ថា​ ខ្លួង​ឯង​កំពុង​ទៅ​ណា​ទេ​។​

36. ចូរ​ជឿ​លើ​​ពន្លឺ​ចុះ​ ទាន់​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​នៃ​ពន្លឺ»។ ​កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​ក៏​យាង​ចេញ​ទៅ​ ហើយ​លាក់​ខ្លួន​ពី​ពួកគេ។​

37. ទោះបី​ព្រះយេស៊ូ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ជាច្រើន​នៅ​ចំពោះ​មុខ​ពួកគេ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួកគេ​នៅ​តែ​មិន​ជឿ​លើ​ព្រះអង្គ​ដែរ​

38. ដូច្នេះ​ក៏​សម្រេច​តាម​ពាក្យ​របស់​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​មក​ថា​ ព្រះអម្ចាស់​អើយ!​ តើ​អ្នកណា​ជឿ​លើ​សេចក្ដី​ដែល​យើង​បាន​ប្រាប់?​ តើ​ព្រះហស្ត​របស់​ព្រះអម្ចាស់​បើក​សំដែង​ឲ្យ​អ្នកណា​ឃើញ​វិញ?​

39. ដូច្នេះ​ហើយ​ ពួកគេ​មិន​អាច​ជឿ​បាន​ឡើយ​ ព្រោះ​លោក​អេសាយ​បាន​ថ្លែង​ទុក​ទៀត​ថា​

40. ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួកគេ​ខ្វាក់​ ហើយ​ឲ្យ​ចិត្ត​របស់​ពួកគេ​រឹង​ ដើម្បី​កុំ​ឲ្យ​ពួកគេ​មើល​ឃើញ​ដោយ​ភ្នែក​ ហើយ​យល់​នៅ​ក្នុង​ចិត្ដ ​រួច​ប្រែចិត្ត​ នោះ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យ​ជា។​

41. លោក​អេសាយ​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ ព្រោះ​គាត់​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ហើយ​គាត់​ក៏​ថ្លែង​ទុក​អំពី​ព្រះអង្គ។​

42. ទោះ​ជា​យ៉ាង​ណា​ក្ដី​ ក៏​មាន​ច្រើន​នាក់​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ជឿ​លើ​ព្រះអង្គ​ដែរ​ ប៉ុន្ដែ​ដោយសារ​តែ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ពួកគេ​មិន​ប្រកាស​ជំនឿ​របស់​ខ្លួន​ទេ​ ក្រែងលោ​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ​

43. ព្រោះ​ពួកគេ​ចូល​ចិត្ត​ការ​សរសើរ​របស់​មនុស្ស​ជាង​ការ​សរសើរ​របស់​ព្រះជាម្ចាស់។​

44. ព្រះយេស៊ូ​បន្លឺ​សំឡេង​ឡើង​ថា៖​ «អ្នកណា​ដែល​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​មិន​មែន​ជឿ​លើ​ខ្ញុំ​ទេ​ គឺ​ជឿ​លើ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​

45. ហើយ​អ្នកណា​ដែល​ឃើញ​ខ្ញុំ​ អ្នក​នោះ​ក៏​ឃើញ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​

46. ខ្ញុំ​ជា​ពន្លឺ​មួយ​ដែល​មក​ក្នុង​ពិភពលោក​នេះ​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​មិន​នៅ​ក្នុង​សេចក្ដី​ងងឹត​ទៀត​ឡើយ​

47. បើ​អ្នកណា​ឮ​ពាក្យ​របស់​ខ្ញុំ​ ប៉ុន្ដែ​មិន​ធ្វើ​តាម​ នោះ​ខ្ញុំ​ក៏​មិន​ដាក់​ទោស​គេ​ដែរ​ ដ្បិត​ខ្ញុំ​មិន​មែន​មក​ដាក់​ទោស​មនុស្ស​លោក​ឡើយ​ គឺ​មក​សង្គ្រោះ​មនុស្ស​លោក​វិញ​

48. អ្នកណា​ដែល​បដិសេធ​ខ្ញុំ​ ហើយ​មិន​ទទួល​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​មាន​ចៅ​ក្រម​ដាក់​ទោស​គេ​ហើយ​ គឺ​ជា​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ឯង​ដែល​នឹង​ដាក់​ទោស​គេ​នៅ​ថ្ងៃ​ចុង​ក្រោយ​

49. ព្រោះ​ខ្ញុំ​មិន​បាន​និយាយ​ដោយ​ខ្លួន​ខ្ញុំ​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ បាន​បង្គាប់​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ​ និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​

50. ហើយ​ខ្ញុំ​ដឹង​ថា​ សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​ជា​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ប្រាប់​ គឺ​ខ្ញុំ​ប្រាប់​តាម​តែ​ព្រះ​វរ​បិតា​បាន​ប្រាប់​ខ្ញុំ​ប៉ុណ្ណោះ»។​

សូមអានជំពូកពេញលេញ យ៉ូហាន 12