គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:15-32 Khmer Christian Bible (KCB)

15. កុំ​ខ្លាច​អី​ កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ!​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ហើយ​ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា។​

16. មុន​ដំបូង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​យល់​សេចក្ដី​ទាំង​នេះ​ទេ​ ប៉ុន្ដែ​កាល​ព្រះយេស៊ូ​បាន​តម្កើង​ឡើង​ នោះ​ទើប​ពួកគេ​នឹក​ឃើញ​ថា​ សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​អំពី​ព្រះអង្គ​ ហើយ​ពួកគេ​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ​សម្រាប់​ព្រះអង្គ​ដែរ។​

17. រីឯ​បណ្តាជន​ដែល​នៅ​ជាមួយ​ព្រះអង្គ​ ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​ការ​ដែល​ព្រះអង្គ​បាន​ហៅ​ឡាសារ​ឲ្យ​ចេញ​ពី​ផ្នូរ​ និង​បាន​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​

18. ដូច្នេះ​ហើយ​បាន​ជា​មាន​បណ្តាជន​ទៅ​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​ឮ​ថា​ ព្រះអង្គ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​នោះ។​

19. ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​និយាយ​គ្នា​ថា៖​ «ឃើញ​ទេ ​យើង​មិន​ឈ្នះ​ទេ​ មើល៍​ មនុស្ស​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។​

20. ក្នុង​ចំណោម​ពួកអ្នក​ដែល​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្នុង​ពិធី​បុណ្យ​នោះ​ ក៏​មាន​ជនជាតិ​ក្រេក​ខ្លះ​ដែរ​

21. អ្នក​ទាំង​នោះ​បាន​ចូល​មក​ជិត​លោក​ភីលីព​ ជា​អ្នក​ក្រុង​បេតសៃដា​ ក្នុង​ស្រុក​កាលីឡេ ​ហើយ​ពួកគេ​សុំ​គាត់​ថា៖​ «លោក!​ យើង​ចង់​ឃើញ​ព្រះយេស៊ូ»​

22. ដូច្នេះ​លោក​ភីលីព​បាន​ទៅ​ប្រាប់​លោក​អនទ្រេ​ ហើយ​លោក​អនទ្រេ​ និង​លោក​ភីលីព​ក៏​ទៅ​ទូល​ព្រះយេស៊ូ។​

23. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគាត់​ថា៖​ «ពេល​ដែល​កូន​មនុស្ស​ត្រូវ​តម្កើង​ឡើង​នោះ​ បាន​មក​ដល់​ហើយ​

24. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​ បើ​មិន​ងាប់​ទេ​ គ្រាប់​នោះ​នៅ​តែមួយ​ដដែល​ ប៉ុន្ដែ​បើ​ងាប់​វិញ​ នោះ​ទើប​បង្កើត​ផល​បាន​ច្រើន​

25. អ្នកណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន​ នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​ស្អប់​ជីវិត​ខ្លួន​នៅ​ក្នុង​លោកិយ​នេះ​ អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​រហូត​អស់កល្ប​ជានិច្ច​

26. បើ​អ្នកណា​បម្រើ​ខ្ញុំ​ ចូរ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ​ ខ្ញុំ​នៅ​ទី​ណា​ អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ​ ហើយ​បើ​អ្នកណា​បម្រើ​ខ្ញុំ​ នោះ​ព្រះ​វរ​បិតា​នឹង​លើក​មុខ​អ្នក​នោះ​ឡើង។​

27. ឥឡូវ​នេះ​ ខ្ញុំ​មាន​ចិត្ត​ជ្រួល​ច្របល់​ណាស់​ តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​ដូចម្តេច?​ ឱ​ព្រះ​វរ​បិតា​អើយ!​ សូម​សង្គ្រោះ​ខ្ញុំ​ពី​ពេល​នេះ​ផង​ ប៉ុន្ដែ​ដោយ​ព្រោះ​ការ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​មក​ដល់​ពេល​កំណត់​នេះ​

28. ឱ​ព្រះ​វរ​បិតា​អើយ​ សូម​តម្កើង​ព្រះ​នាម​របស់​ព្រះអង្គ!»។​ នោះ​ស្រាប់​តែ​មាន​សំឡេង​មួយ​ពីលើ​មេឃ​មក​ថា៖​ «យើង​បាន​តម្កើង​ឡើង​ហើយ​ យើង​នឹង​តម្កើង​ឡើង​ទៀត»។​

29. ពេល​នោះ​ បណ្តាជន​ដែល​ឈរ​នៅ​ទី​នោះ​បាន​ឮ​ ក៏​និយាយ​ថា៖​ «មាន​ផ្គរលាន់!»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «មាន​ទេវតា​និយាយ​ជាមួយ​គាត់»​

30. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «សំឡេង​នេះ​មក​ មិន​មែន​ដោយ​ព្រោះ​ខ្ញុំ​ទេ​ គឺ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​វិញ​

31. ឥឡូវ​នេះជា​ពេល​ជំនុំជម្រះ​ពិភពលោក​នេះ​ ហើយ​ត្រូវ​បណ្ដេញ​ពួកអ្នក​គ្រប់គ្រង​ពិភពលោក​នេះ​ចេញ​

32. រីឯ​ខ្ញុំ​វិញ​ បើ​ខ្ញុំ​ត្រូវ​បាន​លើក​ឡើង​ពី​ផែនដី​នេះ​ នោះ​ខ្ញុំ​នឹង​នាំ​មនុស្ស​ទាំង​អស់​ឲ្យ​មក​ឯ​ខ្ញុំ»។​

សូមអានជំពូកពេញលេញ យ៉ូហាន 12