គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:15-23 Khmer Christian Bible (KCB)

15. កុំ​ខ្លាច​អី​ កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ!​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ហើយ​ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា។​

16. មុន​ដំបូង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​យល់​សេចក្ដី​ទាំង​នេះ​ទេ​ ប៉ុន្ដែ​កាល​ព្រះយេស៊ូ​បាន​តម្កើង​ឡើង​ នោះ​ទើប​ពួកគេ​នឹក​ឃើញ​ថា​ សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​អំពី​ព្រះអង្គ​ ហើយ​ពួកគេ​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ​សម្រាប់​ព្រះអង្គ​ដែរ។​

17. រីឯ​បណ្តាជន​ដែល​នៅ​ជាមួយ​ព្រះអង្គ​ ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​ការ​ដែល​ព្រះអង្គ​បាន​ហៅ​ឡាសារ​ឲ្យ​ចេញ​ពី​ផ្នូរ​ និង​បាន​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​

18. ដូច្នេះ​ហើយ​បាន​ជា​មាន​បណ្តាជន​ទៅ​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​ឮ​ថា​ ព្រះអង្គ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​នោះ។​

19. ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​និយាយ​គ្នា​ថា៖​ «ឃើញ​ទេ ​យើង​មិន​ឈ្នះ​ទេ​ មើល៍​ មនុស្ស​ទៅ​តាម​អ្នក​នោះ​អស់​ហើយ!»។​

20. ក្នុង​ចំណោម​ពួកអ្នក​ដែល​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្នុង​ពិធី​បុណ្យ​នោះ​ ក៏​មាន​ជនជាតិ​ក្រេក​ខ្លះ​ដែរ​

21. អ្នក​ទាំង​នោះ​បាន​ចូល​មក​ជិត​លោក​ភីលីព​ ជា​អ្នក​ក្រុង​បេតសៃដា​ ក្នុង​ស្រុក​កាលីឡេ ​ហើយ​ពួកគេ​សុំ​គាត់​ថា៖​ «លោក!​ យើង​ចង់​ឃើញ​ព្រះយេស៊ូ»​

22. ដូច្នេះ​លោក​ភីលីព​បាន​ទៅ​ប្រាប់​លោក​អនទ្រេ​ ហើយ​លោក​អនទ្រេ​ និង​លោក​ភីលីព​ក៏​ទៅ​ទូល​ព្រះយេស៊ូ។​

23. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគាត់​ថា៖​ «ពេល​ដែល​កូន​មនុស្ស​ត្រូវ​តម្កើង​ឡើង​នោះ​ បាន​មក​ដល់​ហើយ​

សូមអានជំពូកពេញលេញ យ៉ូហាន 12