គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:46-57 Khmer Christian Bible (KCB)

46. ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​ បាន​ទៅ​ប្រាប់​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ អំពី​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។​

47. ពួក​សម្ដេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​កោះ​ហៅ​ក្រុម​បឹ្រក្សា​កំពូល​មក​ជួបជុំ​គ្នា​ ហើយ​និយាយ​ថា៖​ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច?​ ដ្បិត​អ្នក​នេះ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើន​ណាស់។​

48. បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ទៀត​ នោះ​មនុស្ស​ទាំង​អស់​មុខ​ជា​ជឿ​គាត់​មិន​ខាន​ ហើយ​ពួក​ជនជាតិ​រ៉ូម​នឹង​មក​យក​ទាំង​កន្លែង​ និង​ជនជាតិ​របស់​យើង​ផង»។​

49. ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ​ មាន​ម្នាក់​ឈ្មោះ​កៃផា​ដែល​ធ្វើ​ជា​សម្តេច​សង្ឃ​នៅ​ក្នុង​ឆ្នាំ​នោះ​ បាន​និយាយ​ទៅ​ពួកគេ​ថា៖​ «អស់​លោក​មិន​ដឹង​អ្វី​សោះ!​

50. ហើយ​ក៏​មិន​បាន​គិត​ឃើញ​ថា​ បើ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន​ នោះ​ជា​ការ​ប្រសើរ​សម្រាប់​អស់​លោក​ ហើយ​ជនជាតិ​ទាំង​មូល​ក៏​មិន​វិនាស​ដែរ»​

51. ប៉ុន្ដែ​គាត់​និយាយ​សេចក្ដី​នោះ​មិន​មែន​ចេញ​ពី​គំនិត​របស់​គាត់​ទេ​ គឺ​គាត់​ជា​សម្តេច​សង្ឃ​នៅ​ឆ្នាំ​នោះ​ បាន​ជា​គាត់​ថ្លែង​ព្រះបន្ទូល​ថា​ ព្រះយេស៊ូ​ត្រូវ​សោយ​ទិវង្គត​ជំនួស​ជនជាតិ​នោះ​

52. ហើយ​មិន​ត្រឹម​តែ​ជំនួស​ជនជាតិ​នោះ​ប៉ុណ្ណោះ​ទេ​ គឺ​ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ប្រមូល​កូនរបស់​ព្រះជាម្ចាស់​ដែល​ខ្ចាត់ខ្ចាយ​ទៅ​ មក​រួម​គ្នា​តែមួយ​ដែរ។​

53. ចាប់តាំងពី​ថ្ងៃ​នោះ​មក​ ពួកគេ​បាន​ពិគ្រោះ​គ្នា​ដើម្បី​សម្លាប់​ព្រះអង្គ​

54. ដូច្នេះ​ហើយ​ ព្រះយេស៊ូ​មិន​យាង​នៅ​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​ដោយ​ចេញ​មុខ​ទៀត​ទេ​ គឺ​ព្រះអង្គ​ចាកចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​តំបន់​ក្បែរ​ទីរហោឋាន​ ត្រង់​ក្រុង​មួយ​ឈ្មោះ​អេប្រាអិម​ រួច​ក៏​គង់​នៅ​ទី​នោះ​ជាមួយ​ពួក​សិស្ស​

55. ពេល​នោះ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិត​ជិត​មក​ដល់​ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ចេញ​ពី​តំបន់​នានា​ឡើង​ទៅ​ក្រុង​យេរូសាឡិម​មុន​ថ្ងៃ​បុណ្យ​រំលង​ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។​

56. ដូច្នេះ​ពួកគេ​ក៏​តាម​រក​ព្រះយេស៊ូ​ ហើយ​ពេល​ពួកគេ​ឈរ​នៅ​ក្នុង​ព្រះវិហារ​ ក៏​និយាយ​គ្នា​ថា៖​ «តើ​អ្នក​គិត​ដូចម្តេច?​ តើ​អ្នក​នោះ​មិន​មក​ចូល​រួម​បុណ្យ​នេះ​ទេ​ឬ?»​

57. រីឯ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​បង្គាប់​ថា​ បើ​អ្នកណា​ដឹង​ថា​ព្រះអង្គ​នៅ​ឯណា​ ត្រូវ​តែ​ប្រាប់​ឲ្យ​ពួកគេ​ដឹង​ ដើម្បី​ពួកគេ​ចាប់​ព្រះអង្គ។​

សូមអានជំពូកពេញលេញ យ៉ូហាន 11