39. ព្រះយេស៊ូមានបន្ទូលថា៖ «ចូរយកថ្មនោះចេញ!» នាងម៉ាថាជាបងស្រីរបស់អ្នកស្លាប់បានទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សពនេះធុំក្លិនហើយ ព្រោះគេបានស្លាប់បួនថ្ងៃមកហើយ»
40. ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់អ្នកទេឬថា បើអ្នកជឿ នោះអ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់?»
41. ដូច្នេះគេក៏យកថ្មចេញ ហើយព្រះយេស៊ូងើបព្រះនេត្រឡើង ទាំងមានបន្ទូលថា៖ «ឱព្រះវរបិតាអើយ! ខ្ញុំសូមអរព្រះគុណព្រះអង្គដែលព្រះអង្គស្តាប់ខ្ញុំ
42. ខ្ញុំដឹងថា ព្រះអង្គស្តាប់ខ្ញុំជានិច្ច ប៉ុន្ដែខ្ញុំទូលដូច្នេះ ដោយសារតែបណ្តាជនដែលឈរនៅជុំវិញ គឺដើម្បីឲ្យពួកគេជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន»
43. ពេលព្រះអង្គមានបន្ទូលសេចក្ដីទាំងនេះហើយ ក៏បន្លឺសំឡេងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»
44. អ្នកដែលស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំជាប់ដៃជើង និងកន្សែងរុំមុខ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ»។
45. ពេលពួកជនជាតិយូដាជាច្រើនដែលមកតាមនាងម៉ារាបានឃើញកិច្ចការដែលព្រះយេស៊ូបានធ្វើ ក៏ជឿព្រះអង្គ
46. ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេ បានទៅប្រាប់ពួកអ្នកខាងគណៈផារិស៊ី អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ។
47. ពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានកោះហៅក្រុមបឹ្រក្សាកំពូលមកជួបជុំគ្នា ហើយនិយាយថា៖ «តើយើងត្រូវធ្វើយ៉ាងដូចម្តេច? ដ្បិតអ្នកនេះបានធ្វើទីសំគាល់អស្ចារ្យច្រើនណាស់។
48. បើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះទៀត នោះមនុស្សទាំងអស់មុខជាជឿគាត់មិនខាន ហើយពួកជនជាតិរ៉ូមនឹងមកយកទាំងកន្លែង និងជនជាតិរបស់យើងផង»។
49. ប៉ុន្ដែក្នុងចំណោមពួកគេ មានម្នាក់ឈ្មោះកៃផាដែលធ្វើជាសម្តេចសង្ឃនៅក្នុងឆ្នាំនោះ បាននិយាយទៅពួកគេថា៖ «អស់លោកមិនដឹងអ្វីសោះ!
50. ហើយក៏មិនបានគិតឃើញថា បើមានមនុស្សណាម្នាក់ស្លាប់ជំនួសប្រជាជន នោះជាការប្រសើរសម្រាប់អស់លោក ហើយជនជាតិទាំងមូលក៏មិនវិនាសដែរ»
51. ប៉ុន្ដែគាត់និយាយសេចក្ដីនោះមិនមែនចេញពីគំនិតរបស់គាត់ទេ គឺគាត់ជាសម្តេចសង្ឃនៅឆ្នាំនោះ បានជាគាត់ថ្លែងព្រះបន្ទូលថា ព្រះយេស៊ូត្រូវសោយទិវង្គតជំនួសជនជាតិនោះ
52. ហើយមិនត្រឹមតែជំនួសជនជាតិនោះប៉ុណ្ណោះទេ គឺដើម្បីឲ្យព្រះអង្គអាចប្រមូលកូនរបស់ព្រះជាម្ចាស់ដែលខ្ចាត់ខ្ចាយទៅ មករួមគ្នាតែមួយដែរ។
53. ចាប់តាំងពីថ្ងៃនោះមក ពួកគេបានពិគ្រោះគ្នាដើម្បីសម្លាប់ព្រះអង្គ
54. ដូច្នេះហើយ ព្រះយេស៊ូមិនយាងនៅក្នុងចំណោមពួកជនជាតិយូដាដោយចេញមុខទៀតទេ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ក្បែរទីរហោឋាន ត្រង់ក្រុងមួយឈ្មោះអេប្រាអិម រួចក៏គង់នៅទីនោះជាមួយពួកសិស្ស
55. ពេលនោះបុណ្យរំលងរបស់ជនជាតិយូដាក៏កំពុងខិតជិតមកដល់ ហើយមានមនុស្សជាច្រើនបានចេញពីតំបន់នានាឡើងទៅក្រុងយេរូសាឡិមមុនថ្ងៃបុណ្យរំលង ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។
56. ដូច្នេះពួកគេក៏តាមរកព្រះយេស៊ូ ហើយពេលពួកគេឈរនៅក្នុងព្រះវិហារ ក៏និយាយគ្នាថា៖ «តើអ្នកគិតដូចម្តេច? តើអ្នកនោះមិនមកចូលរួមបុណ្យនេះទេឬ?»
57. រីឯពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានបង្គាប់ថា បើអ្នកណាដឹងថាព្រះអង្គនៅឯណា ត្រូវតែប្រាប់ឲ្យពួកគេដឹង ដើម្បីពួកគេចាប់ព្រះអង្គ។