គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:34-47 Khmer Christian Bible (KCB)

34. ក៏​មាន​បន្ទូល​សួរ​ថា៖​ «តើ​អ្នក​រាល់គ្នា​ដាក់​សព​របស់​គាត់​នៅ​ឯណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​យាង​ទៅ​មើល​ចុះ»​

35. ព្រះយេស៊ូ​ក៏​សម្រក់​ទឹកភ្នែក​

36. ដូច្នេះ​ ពួក​ជនជាតិ​យូដា​ក៏​និយាយ​ថា៖​ «មើល៍​ គាត់​ស្រឡាញ់​ឡាសារ​ណាស់!»​

37. ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​និយាយ​ថា៖​ «អ្នក​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​មនុស្ស​ខ្វាក់​ភ្លឺ​ តើ​គាត់​អាច​ឃាត់​មនុស្ស​នេះ​មិន​ឲ្យ​ស្លាប់​បាន​ដែរ​ទេ​ឬ?»​

38. ព្រះយេស៊ូ​ក៏​យាង​ទៅ​ដល់​ផ្នូរ​ ទាំង​រំជួល​ចិត្ដ​ម្ដង​ទៀត។​ ផ្នូរ​នោះ​ជា​រូង​ភ្នំ​ ហើយ​មាន​ថ្ម​មួយ​បិទ​សន្ធប់​ជាប់​

39. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ចូរ​យក​ថ្ម​នោះ​ចេញ!»​ នាង​ម៉ាថា​ជា​បង​ស្រី​របស់​អ្នក​ស្លាប់​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សព​នេះ​ធុំ​ក្លិន​ហើយ​ ព្រោះ​គេ​បាន​ស្លាប់​បួន​ថ្ងៃ​មក​ហើយ»​

40. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «តើ​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​ទេ​ឬ​ថា​ បើ​អ្នក​ជឿ​ នោះ​អ្នក​នឹង​ឃើញ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់?»​

41. ដូច្នេះ​គេ​ក៏​យក​ថ្ម​ចេញ​ ហើយ​ព្រះយេស៊ូ​ងើប​ព្រះនេត្រ​ឡើង ​ទាំង​មាន​បន្ទូល​ថា៖​ «ឱ​ព្រះ​វរ​បិតា​អើយ!​ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះអង្គ​ដែល​ព្រះអង្គ​ស្តាប់​ខ្ញុំ​

42. ខ្ញុំ​ដឹង​ថា​ ព្រះអង្គ​ស្តាប់​ខ្ញុំ​ជានិច្ច​ ប៉ុន្ដែ​ខ្ញុំ​ទូល​ដូច្នេះ​ ដោយសារ​តែ​បណ្តាជន​ដែល​ឈរ​នៅ​ជុំ​វិញ​ គឺ​ដើម្បី​ឲ្យ​ពួកគេ​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន»​

43. ពេល​ព្រះអង្គ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖​ «ឡាសារ​អើយ!​ ចេញ​មក!»​

44. អ្នក​ដែល​ស្លាប់​នោះ​ក៏​ចេញ​មក​ ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​ដៃ​ជើង​ និង​កន្សែង​រុំ​មុខ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ស្រាយ​គាត់​ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។​

45. ពេល​ពួក​ជនជាតិ​យូដា​ជាច្រើន​ដែល​មក​តាម​នាង​ម៉ារា​បាន​ឃើញ​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ ក៏​ជឿ​ព្រះអង្គ​

46. ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​ បាន​ទៅ​ប្រាប់​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ អំពី​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។​

47. ពួក​សម្ដេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​កោះ​ហៅ​ក្រុម​បឹ្រក្សា​កំពូល​មក​ជួបជុំ​គ្នា​ ហើយ​និយាយ​ថា៖​ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច?​ ដ្បិត​អ្នក​នេះ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើន​ណាស់។​

សូមអានជំពូកពេញលេញ យ៉ូហាន 11