គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:21-38 Khmer Christian Bible (KCB)

21. នាង​ម៉ាថា​ទូល​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ឡើយ​

22. ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា​ ការ​អ្វី​ដែល​ព្រះអង្គ​សូម​ពី​ព្រះជាម្ចាស់​ ព្រះជាម្ចាស់​មុខ​ជា​ប្រទាន​ឲ្យ​ព្រះអង្គ​មិន​ខាន​ សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ»​

23. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ប្អូន​ប្រុស​របស់​អ្នក​នឹង​រស់​ឡើង​វិញ»​

24. នាង​ម៉ាថា​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ខ្ញុំ​ដឹង​ហើយ​ថា​ នៅ​ក្នុង​ការ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​ ប្អូន​ប្រុស​របស់​ខ្ញុំ​នឹង​រស់​ឡើង​វិញ»​

25. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ​ ហើយ​ជា​ជីវិត​ អ្នកណា​ជឿ​លើ​ខ្ញុំ​ ទោះបី​ស្លាប់​ហើយ​ក៏​ដោយ​ នឹង​រស់​ឡើង​វិញ​

26. ឯ​អស់​អ្នក​ដែល​នៅស់​ ហើយ​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ស្លាប់​អស់កល្ប​ជានិច្ច​ តើ​អ្នក​ជឿ​សេចក្ដី​នេះ​ទេ?»​

27. នាង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ចាស៎​ ព្រះអម្ចាស់​ ខ្ញុំ​ជឿ​ថា​ ព្រះអង្គ​ជា​ព្រះគ្រិស្ដ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដែល​ត្រូវ​យាង​មក​ក្នុង​ពិភពលោក​នេះ»។​

28. ពេល​នាង​បាន​និយាយ​ដូច្នោះ​ហើយ​ ក៏​ទៅ​ហៅ​នាង​ម៉ារា​ ជា​ប្អូន​ស្រី​របស់​នាង​ដោយ​ស្ងាត់ៗ​ថា៖​ «លោកគ្រូ​មក​ដល់​ហើយ​ លោកគ្រូ​បាន​ហៅ​ប្អូន»។​

29. ពេល​នាង​ម៉ារា​បាន​ឮ​ដូច្នេះ​ ក៏​ក្រោក​ឡើង​យ៉ាង​ប្រញាប់​ ហើយ​ទៅ​ជួប​ព្រះអង្គ​

30. រីឯ​ព្រះយេស៊ូ​មិន​ទាន់​យាង​ចូល​ក្រុង​នៅ​ឡើយ​ទេ​ ព្រះអង្គ​បាន​គង់​នៅ​ត្រង់​កន្លែង​ដែល​នាង​ម៉ាថា​បាន​ជួប​មុន​នេះ។​

31. ពេល​ពួក​ជនជាតិ​យូដា​ដែល​កំពុង​ជួយ​រំលែក​ទុក្ខ​នាង​ម៉ារា​នៅ​ក្នុង​ផ្ទះ​បាន​ឃើញ​នាង​ម៉ារា​ក្រោក​ឡើង​យ៉ាង​ប្រញាប់​ចេញ​ទៅ​ដូច្នេះ​ ពួកគេ​ក៏​ទៅ​តាម​ដោយ​គិត​ថា​ នាង​ទៅ​យំ​នៅ​ឯ​ផ្នូរ។​

32. ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ព្រះយេស៊ូ​គង់​នៅ​ ហើយ​ឃើញ​ព្រះអង្គ​ នាង​ក៏​ក្រាប​ទៀប​បាទា​ព្រះអង្គ​ ទាំង​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​បាន​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ទេ»​

33. ពេល​ព្រះយេស៊ូ​ឃើញ​នាង​ម៉ារា​ និង​ពួក​ជនជាតិ​យូដា​ដែល​មក​ជាមួយ​នាង​យំ​ដូច្នេះ​ ព្រះអង្គ​ក៏​រំជួល​ចិត្ដ​ ហើយ​ច្រួលច្របល់​ក្នុង​វិញ្ញាណ​យ៉ាង​ខ្លាំង​

34. ក៏​មាន​បន្ទូល​សួរ​ថា៖​ «តើ​អ្នក​រាល់គ្នា​ដាក់​សព​របស់​គាត់​នៅ​ឯណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​យាង​ទៅ​មើល​ចុះ»​

35. ព្រះយេស៊ូ​ក៏​សម្រក់​ទឹកភ្នែក​

36. ដូច្នេះ​ ពួក​ជនជាតិ​យូដា​ក៏​និយាយ​ថា៖​ «មើល៍​ គាត់​ស្រឡាញ់​ឡាសារ​ណាស់!»​

37. ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​និយាយ​ថា៖​ «អ្នក​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​មនុស្ស​ខ្វាក់​ភ្លឺ​ តើ​គាត់​អាច​ឃាត់​មនុស្ស​នេះ​មិន​ឲ្យ​ស្លាប់​បាន​ដែរ​ទេ​ឬ?»​

38. ព្រះយេស៊ូ​ក៏​យាង​ទៅ​ដល់​ផ្នូរ​ ទាំង​រំជួល​ចិត្ដ​ម្ដង​ទៀត។​ ផ្នូរ​នោះ​ជា​រូង​ភ្នំ​ ហើយ​មាន​ថ្ម​មួយ​បិទ​សន្ធប់​ជាប់​

សូមអានជំពូកពេញលេញ យ៉ូហាន 11