គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:1-15 Khmer Christian Bible (KCB)

1. មាន​បុរស​ម្នាក់​មាន​ជំងឺ​ គាត់​ឈ្មោះ​ឡាសារ​ នៅ​ក្រុង​បេថានី​ ជា​ក្រុង​របស់​នាង​ម៉ារា​ និង​បង​ស្រី​របស់​នាង​ឈ្មោះ​ម៉ាថា​

2. នាង​ម៉ារា​គឺ​ជា​អ្នក​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះអម្ចាស់​ ព្រមទាំង​បាន​ជូត​បាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង​ រីឯ​ឡាសារ​ដែល​មាន​ជំងឺ​ជា​ប្អូន​ប្រុស​របស់​នាង​

3. ដូច្នេះ​បងប្អូន​ស្រី​ទាំង​ពីរ​បាន​ចាត់​ឲ្យ​គេ​ទៅ​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ មើល៍​ អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់​កំពុង​ឈឺ​ហើយ»។​

4. ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ឮ​ដូច្នេះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ជំងឺ​នេះ​មិន​ដល់​ស្លាប់​ទេ​ គឺ​សម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់វិញ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​ដោយសារ​ជំងឺ​នេះ»។​

5. ព្រះយេស៊ូ​ស្រឡាញ់​ឡាសារ​ នាង​ម៉ាថា​ និង​ប្អូន​ស្រី​របស់​នាង​ណាស់​

6. ដូច្នេះ​ពេល​ព្រះអង្គ​ឮ​ថា​ គាត់​ឈឺ​ ព្រះអង្គ​ក៏​គង់​នៅ​កន្លែង​ដដែល​នោះ​ពីរ​ថ្ងៃ​ទៀត​

7. ក្រោយ​មក​ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖​ «ចូរ​យើង​ត្រលប់​ទៅ​ស្រុក​យូដា​វិញ»។​

8. ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួក​ជនជាតិ​យូដា​ទើប​តែ​រក​គប់​លោកគ្រូ​ តើ​លោកគ្រូ​គិត​ទៅ​ទី​នោះ​ទៀត​ឬ?»​

9. ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «តើ​នៅ​ពេល​ថ្ងៃ​មិន​មាន​ដប់​ពីរ​ម៉ោង​ទេ​ឬ?​ បើ​អ្នកណា​ដើរ​នៅ​ពេល​ថ្ងៃ​ នោះ​មិន​ជំពប់​ជើង​ឡើយ​ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភពលោក​នេះ​

10. ប៉ុន្ដែ​បើ​អ្នកណា​ដើរ​នៅ​ពេល​យប់​ អ្នក​នោះ​ត្រូវ​ជំពប់​ជើង​ហើយ​ ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​អ្នក​នោះ​ទេ»។​

11. ក្រោយពី​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ឡាសារ​ ជា​មិត្ត​សម្លាញ់​របស់​យើង​ គាត់​បាន​ដេក​លក់​ទៅ​ហើយ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់»​

12. ពេល​នោះពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​គាត់​ដេក​លក់​ គាត់​នឹង​ជា​វិញ​មិន​ខាន»។​

13. ព្រះយេស៊ូ​មាន​បន្ទូល​អំពី​ការ​ស្លាប់​របស់​ឡាសារ​ ប៉ុន្ដែ​ពួក​សិស្ស​ស្មាន​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​អំពី​ការ​ដេក​លក់​ធម្មតា​

14. ហេតុនេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ត្រង់ៗ​ថា៖​ «ឡាសារ​ស្លាប់​ហើយ!​

15. ហើយ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ខ្ញុំ​ត្រេកអរ​ណាស់​ដែល​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ជឿ​ ដូច្នេះ​ចូរ​យើង​ទៅ​ឯ​គាត់»។​

សូមអានជំពូកពេញលេញ យ៉ូហាន 11