គម្ពីរសញ្ញាថ្មី

យ៉ូហាន 10:1-20 Khmer Christian Bible (KCB)

1. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ដែល​មិន​ចូល​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ​ ប៉ុន្ដែ​ឡើង​តាម​កន្លែង​ផ្សេង​ អ្នក​នោះ​ជា​ចោរ​លួច​ ចោរ​ប្លន់​

2. រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ​វិញ​ អ្នក​នោះ​ជា​អ្នក​គង្វាល​ចៀម​

3. ហើយ​អ្នក​យាម​ទ្វារ​ក៏​បើក​ទ្វារ​ឲ្យ​គាត់​ចូល​ ឯ​ចៀម​ស្តាប់​សំឡេង​របស់​គាត់​ រួច​គាត់​ហៅ​ចៀម​របស់​គាត់​តាម​ឈ្មោះ​ ហើយ​នាំ​ចេញ​ទៅ​ក្រៅ។​

4. ពេល​គាត់​បញ្ចេញ​ចៀម​របស់​គាត់​អស់​ហើយ​ គាត់​ដើរ​មុន​វា​ ហើយ​ចៀម​ដើរ​តាម​ក្រោយ​គាត់​ ព្រោះ​ពួកវា​ស្គាល់​សំឡេង​របស់​គាត់​

5. ពួកវា​នឹង​មិន​តាម​អ្នក​ដទៃ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ពួកវា​នឹង​រត់​ចេញ​ពី​អ្នក​នោះ​ ព្រោះ​ពួកវា​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ទេ»។​

6. ព្រះយេស៊ូ​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​ពួកគេ​ ប៉ុន្ដែ​អ្នក​ទាំង​នោះ​មិន​យល់​អំពី​អ្វី​ដែល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​ទេ‍។​

7. ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ ខ្ញុំ​ជា​ទ្វារ​សម្រាប់​ចៀម​

8. អស់​អ្នក​ដែល​មក​មុន​ខ្ញុំ​ សុទ្ធ​តែ​ជា​ចោរ​លួច​ ចោរ​ប្លន់​ ប៉ុន្ដែ​ចៀម​មិន​បាន​ស្តាប់​អ្នក​ទាំង​នោះ​ឡើយ។​

9. ខ្ញុំ​ជា​ទ្វារ បើ​អ្នកណា​ចូល​តាម​ខ្ញុំ​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្រ្គោះ​ ព្រមទាំង​ចេញ​ចូល​បាន​ ហើយ​នឹង​រក​ឃើញ​វាល​ស្មៅ។​

10. ចោរ​វា​មក​ដើម្បី​លួច​ សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ​ រីឯ​ខ្ញុំ​វិញ​ ខ្ញុំ​មក​ដើម្បី​ឲ្យ​ពួកវា​មាន​ជីវិត​ ហើយ​ឲ្យ​ជីវិត​នោះ​ពេញ​បរិបូរ​ផង។​

11. ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ​ អ្នក​គង្វាល​ល្អ​លះ​បង់​ជីវិត​របស់​ខ្លួន​ដើម្បី​ចៀម​

12. រីឯ​អ្នក​ស៊ី​ឈ្នួល​ដែល​មិន​មែន​ជា​អ្នក​គង្វាល​ គឺ​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ ពេលណា​ពួកគេ​ឃើញ​ចចក​មក​ នោះ​ពួកគេ​ក៏​រត់​ចោល​ចៀម​ បណ្ដោយ​ឲ្យ​ចចក​ឆក់​យក​ចៀម​ ហើយ​ដេញ​ចៀម​ខ្ចាត់ខ្ចាយ​

13. ព្រោះ​ពួកគេ​ជា​អ្នក​ស៊ី​ឈ្នួល​ ពួកគេ​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​ចៀម​ឡើយ។​

14. ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ​ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ​ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​

15. ដូច​ដែល​ព្រះ​វរ​បិតា​ស្គាល់​ខ្ញុំ​ ហើយ​ខ្ញុំ​ស្គាល់​ព្រះ​វរ​បិតា​ដែរ។​ ខ្ញុំ​លះបង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​ចៀម។​

16. ខ្ញុំ​នៅ​មាន​ចៀម​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ​ ហើយ​ពួកវា​នឹង​ស្តាប់​សំឡេង​របស់​ខ្ញុំ​ រួច​ពួកវា​ក៏​ត្រលប់​ជា​ហ្វូង​តែមួយ​ដោយ​មាន​អ្នក​គង្វាល​តែ​ម្នាក់។​

17. ហេតុនេះ​ហើយ​បាន​ជា​ព្រះ​វរ​បិតា​ស្រឡាញ់​ខ្ញុំ​ ព្រោះ​ខ្ញុំ​លះបង់​ជីវិត​របស់​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​ទទួល​បាន​ជីវិត​មក​វិញ​

18. គ្មាន​អ្នកណា​ដក​យក​ជីវិត​ពី​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​លះបង់​ជីវិត​ដោយ​ខ្លួន​ខ្ញុំ​វិញ​ ខ្ញុំ​មាន​សិទ្ធិ​អំណាច​លះបង់​ជីវិត​នេះ​ ហើយ​ក៏​មាន​សិទ្ធិ​អំណាច​ទទួល​យក​វិញ​ដែរ​ ហើយ​សេចក្ដី​បង្គាប់​នេះ​ ខ្ញុំ​បាន​ទទួល​ពី​ព្រះ​វរ​បិតា​របស់​ខ្ញុំ​មក»។​

19. ដោយសារ​តែ​ពាក្យ​ទាំង​នេះ​ មាន​ការ​បែក​បាក់​គ្នា​ម្ដង​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​

20. ហើយ​ពួកគេ​ជាច្រើន​និយាយ​ថា៖​ «អ្នក​នេះ​មាន​អារក្ស​ចូល​រហូត​ដល់​ឆ្កួត​ហើយ​ ហេតុអ្វី​បាន​ជា​ពួកអ្នក​ស្តាប់​វា?»​

សូមអានជំពូកពេញលេញ យ៉ូហាន 10