គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:7-19 Khmer Christian Bible (KCB)

7. គាត់​បាន​មក​ជា​សាក្សី​ដើម្បី​ធ្វើ​បន្ទាល់​អំពី​ពន្លឺ​ និង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ​ដោយសារ​គាត់​

8. ប៉ុន្ដែ​គាត់​មិនមែន​ជា​ពន្លឺ​ទេ​ គឺ​គាត់​ធ្វើ​បន្ទាល់​អំពី​ពន្លឺ‍។​

9. ព្រះអង្គ​ដែល​ជា​ពន្លឺ​ពិត​ប្រាកដ​ បាន​យាង​មក​ក្នុង​ពិភពលោក​ ដើម្បី​បំភ្លឺ​មនុស្ស​ទាំង​អស់។​

10. ព្រះអង្គ​បាន​គង់​នៅ​ក្នុង​ពិភពលោក​ ហើយ​ពិភពលោក​បាន​កើត​មក​ដោយសារ​ព្រះអង្គ​ ប៉ុន្ដែ​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ទេ។​

11. ព្រះអង្គ​បាន​យាង​មក​ផែនដី​របស់​ព្រះអង្គ​ ប៉ុន្ដែ​ប្រជារាស្រ្ដ​របស់​ព្រះអង្គ​មិន​បាន​ទទួល​ព្រះអង្គ​ឡើយ​

12. រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ​ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​ ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​ដល់​ពួកគេ​ឲ្យ​ត្រលប់​ជា​កូន​របស់​ព្រះជាម្ចាស់​

13. គឺ​ជា​កូន​ដែល​មិនមែន​កើត​មកពី​ឈាម​ ឬ​ពី​ប្រាថ្នា​ខាង​រូប​សាច់​ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ​ គឺ​កើត​ពី​ព្រះជាម្ចាស់​វិញ។​

14. ព្រះបន្ទូល​បាន​ត្រលប់​ជា​សាច់ឈាម ​គង់​នៅ​ក្នុង​ចំណោម​យើង​ ហើយ​យើង​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ដែល​ជា​សិរី​រុងរឿង​នៃ​ព្រះរាជ​បុត្រា​តែ​មួយ​គត់​មកពី​ព្រះ​វរ​បិតា​ ដែល​ពេញ​ដោយ​ព្រះគុណ​ និង​សេចក្ដី​ពិត។​

15. លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះអង្គ​ ទាំង​ប្រកាស​ថា៖​ «គឺ​ព្រះអង្គ​នេះ​ហើយ​ ដែល​ខ្ញុំ​បាន​ប្រាប់​ថា​ជា​ព្រះ​មួយ​អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ​ត្រលប់​ជា​មុន​ខ្ញុំ​ ព្រោះ​ព្រះអង្គ​គង់​នៅ​មុន​ខ្ញុំ»។​

16. យើង​ទាំង​អស់​គ្នា​បាន​ទទួល​ពី​សេចក្ដី​ពោរ​ពេញ​របស់​ព្រះអង្គ​ដែល​ជា​ព្រះគុណ​ថែម​លើ​ព្រះគុណ​

17. ដ្បិត​គម្ពីរ​វិន័យ​បាន​ប្រទាន​មក​តាមរយៈ​លោក​ម៉ូសេ​ រីឯ​ព្រះគុណ​ និង​សេចក្ដី​ពិត​មក​តាម​រយៈ​ព្រះយេស៊ូ​គ្រិស្ដ​

18. គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះជាម្ចាស់​ទេ​ មាន​តែ​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​វរ​បិតា​ គី​ព្រះរាជ​បុត្រា​នោះ​ហើយ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​

19. កាល​ពួក​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​ និង​ពួក​លេវី​ពី​ក្រុង​យេរូសាឡិម​ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​ជា​នរណា?»​ គាត់​បាន​ធ្វើ​បន្ទាល់​ដូច​ត​ទៅ​

សូមអានជំពូកពេញលេញ យ៉ូហាន 1