គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:38-49 Khmer Christian Bible (KCB)

38. ពេល​ព្រះយេស៊ូ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​នោះ​កំពុង​ដើរ​តាម​ព្រះអង្គ​ដូច្នេះ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ពួកអ្នក​មក​រក​អ្វី?»​ ពួកគេ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «រ៉ាប់ប៊ី!​ (ដែល​ប្រែ​ថា​ លោកគ្រូ)​ តើ​លោក​ស្នាក់​នៅ​កន្លែង​ណា?»​

39. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មក​មើល​ចុះ!»​ ដូច្នេះ​ ពួកគេ​ក៏​ទៅ​ ហើយ​ឃើញ​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ ​រួច​បាន​ស្នាក់​នៅ​ជាមួយ​ព្រះអង្គ​នៅ​ថ្ងៃ​នោះ​ ព្រោះ​ពេល​នោះ​ម៉ោង​ប្រហែល​បួន​រសៀល​ហើយ។​

40. ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​នាក់​ ដែល​បាន​ឮ​លោក​យ៉ូហាន​និយាយ​ ហើយ​បាន​ដើរ​តាម​ព្រះអង្គ​នោះ​ មាន​ម្នាក់​ឈ្មោះ​អន់ទ្រេ​ ជា​ប្អូន​របស់​លោក​ស៊ីម៉ូនពេត្រុស។​

41. លោក​អនទ្រេ​បាន​ទៅ​ជួប​លោក​ស៊ីម៉ូនជា​បង​ប្រុស​របស់​គាត់​មុន​គេ​ ហើយ​ប្រាប់​ថា៖​ «យើង​បាន​ជួប​ព្រះមែស៊ី​ហើយ!»​ (ដែល​ប្រែ​ថា​ ព្រះគ្រិស្ដ)។​

42. គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​ឯ​ព្រះយេស៊ូ​ កាល​ព្រះយេស៊ូ​ឃើញ​លោកស៊ីម៉ូន​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ឈ្មោះ​ស៊ីម៉ូន​ ជា​កូន​យ៉ូហាន​ អ្នក​នឹង​ត្រូវ​គេ​ហៅ​ថា​ កេផាស» ​(ដែល​ប្រែ​ថា​ ពេត្រុស)។​

43. ថ្ងៃ​បន្ទាប់​មក​ ព្រះយេស៊ូ​ចង់​ទៅ​ស្រុក​កាលីឡេ​ ហើយ​ព្រះអង្គ​បាន​ជួប​លោក​ភីលីព​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»។​

44. លោក​ភីលីព​នេះ​ មកពី​ក្រុង​បេតសៃដា​ ដែល​លោក​អនទ្រេ​ និង​លោក​ពេត្រុស​នៅ​ក្រុង​នោះ​ដែរ។​

45. លោក​ភីលីព​បាន​ទៅ​ជួប​លោក​ណាថាណែល​ ហើយ​ប្រាប់​គាត់​ថា៖​ «យើង​បាន​ជួប​ព្រះអង្គ​ ដែល​លោក​ម៉ូសេ​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ហើយ​ គឺ​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប»​

46. ពេល​នោះ​ លោក​ណាថាណែល​ក៏​សួរ​គាត់​ថា៖​ «តើ​មាន​អ្វី​ដែល​ល្អ​អាច​ចេញ​ពី​ក្រុង​ណាសារ៉ែត​បាន​ដែរ​ឬ?»​ លោក​ភីលីព​ឆ្លើយ​ថា៖​ «ចូរ​មក​មើល​ចុះ»។​

47. ពេល​ព្រះយេស៊ូ​ឃើញ​លោក​ណាថាណែល​មក​ឯ​ព្រះអង្គ​ ក៏​មាន​បន្ទូល​អំពី​គាត់​ថា៖​ «មើល៍​ នោះ​ជា​ជនជាតិ​អ៊ីស្រាអែល​ពិត​ប្រាកដ​ដែល​គ្មាន​ឧបាយកល​សោះ»។​

48. លោក​ណាថាណែល​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​លោក​ស្គាល់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?»​ ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «មុន​ពេល​ភីលីព​ហៅ​អ្នក​ ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​រួច​ទៅ​ហើយ»។​

49. លោក​ណាថាណែល​ក៏​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ!​ លោក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ជា​ស្តេច​របស់​អ៊ីស្រា​អែល​មែន​ហើយ»។​

សូមអានជំពូកពេញលេញ យ៉ូហាន 1