35. នៅថ្ងៃបន្ទាប់មក លោកយ៉ូហានបានឈរម្ដងទៀត ជាមួយសិស្សរបស់គាត់ពីរនាក់
36. គាត់មើលឃើញព្រះយេស៊ូកំពុងយាងកាត់ទីនោះ គាត់ក៏និយាយថា៖ «មើល៍ នោះជាកូនចៀមរបស់ព្រះជាម្ចាស់»។
37. ពេលសិស្សទាំងពីររបស់គាត់ឮគាត់និយាយដូច្នេះ ពួកគេក៏ដើរតាមព្រះយេស៊ូទៅ។
38. ពេលព្រះយេស៊ូងាកមកឃើញអ្នកទាំងពីរនោះកំពុងដើរតាមព្រះអង្គដូច្នេះ ក៏មានបន្ទូលទៅពួកគេថា៖ «តើពួកអ្នកមករកអ្វី?» ពួកគេទូលទៅព្រះអង្គថា៖ «រ៉ាប់ប៊ី! (ដែលប្រែថា លោកគ្រូ) តើលោកស្នាក់នៅកន្លែងណា?»
39. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកមើលចុះ!» ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គគង់នៅ រួចបានស្នាក់នៅជាមួយព្រះអង្គនៅថ្ងៃនោះ ព្រោះពេលនោះម៉ោងប្រហែលបួនរសៀលហើយ។
40. ក្នុងចំណោមសិស្សទាំងពីរនាក់ ដែលបានឮលោកយ៉ូហាននិយាយ ហើយបានដើរតាមព្រះអង្គនោះ មានម្នាក់ឈ្មោះអន់ទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស។
41. លោកអនទ្រេបានទៅជួបលោកស៊ីម៉ូនជាបងប្រុសរបស់គាត់មុនគេ ហើយប្រាប់ថា៖ «យើងបានជួបព្រះមែស៊ីហើយ!» (ដែលប្រែថា ព្រះគ្រិស្ដ)។
42. គាត់ក៏នាំលោកស៊ីម៉ូនទៅឯព្រះយេស៊ូ កាលព្រះយេស៊ូឃើញលោកស៊ីម៉ូន ក៏មានបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន អ្នកនឹងត្រូវគេហៅថា កេផាស» (ដែលប្រែថា ពេត្រុស)។
43. ថ្ងៃបន្ទាប់មក ព្រះយេស៊ូចង់ទៅស្រុកកាលីឡេ ហើយព្រះអង្គបានជួបលោកភីលីព ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។
44. លោកភីលីពនេះ មកពីក្រុងបេតសៃដា ដែលលោកអនទ្រេ និងលោកពេត្រុសនៅក្រុងនោះដែរ។
45. លោកភីលីពបានទៅជួបលោកណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានជួបព្រះអង្គ ដែលលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលបានចែងទុកនៅក្នុងគម្ពីរវិន័យហើយ គឺព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែត ត្រូវជាកូនរបស់លោកយ៉ូសែប»
46. ពេលនោះ លោកណាថាណែលក៏សួរគាត់ថា៖ «តើមានអ្វីដែលល្អអាចចេញពីក្រុងណាសារ៉ែតបានដែរឬ?» លោកភីលីពឆ្លើយថា៖ «ចូរមកមើលចុះ»។
47. ពេលព្រះយេស៊ូឃើញលោកណាថាណែលមកឯព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖ «មើល៍ នោះជាជនជាតិអ៊ីស្រាអែលពិតប្រាកដដែលគ្មានឧបាយកលសោះ»។
48. លោកណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកស្គាល់ខ្ញុំយ៉ាងដូចម្ដេច?» ព្រះយេស៊ូឆ្លើយថា៖ «មុនពេលភីលីពហៅអ្នក ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វារួចទៅហើយ»។
49. លោកណាថាណែលក៏ទូលព្រះអង្គថា៖ «លោកគ្រូ! លោកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ និងជាស្តេចរបស់អ៊ីស្រាអែលមែនហើយ»។
50. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «តើអ្នកជឿដោយសារតែខ្ញុំប្រាប់អ្នកថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វាឬ? អ្នកនឹងឃើញការអស្ចារ្យជាងនេះទៀត»
51. រួចព្រះអង្គមានបន្ទូលទៅគាត់ទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នានឹងឃើញមេឃបើកចំហ ហើយពួកទេវតារបស់ព្រះជាម្ចាស់ចុះឡើងៗពីលើកូនមនុស្ស»។