33. ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្ដែព្រះអង្គដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក បានមានបន្ទូលប្រាប់ខ្ញុំថា៖ «ពេលអ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ»។
34. ដូច្នេះ ខ្ញុំបានឃើញ ហើយបានជាខ្ញុំធ្វើបន្ទាល់ថា គឺព្រះអង្គនេះហើយ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»។
35. នៅថ្ងៃបន្ទាប់មក លោកយ៉ូហានបានឈរម្ដងទៀត ជាមួយសិស្សរបស់គាត់ពីរនាក់
36. គាត់មើលឃើញព្រះយេស៊ូកំពុងយាងកាត់ទីនោះ គាត់ក៏និយាយថា៖ «មើល៍ នោះជាកូនចៀមរបស់ព្រះជាម្ចាស់»។
37. ពេលសិស្សទាំងពីររបស់គាត់ឮគាត់និយាយដូច្នេះ ពួកគេក៏ដើរតាមព្រះយេស៊ូទៅ។
38. ពេលព្រះយេស៊ូងាកមកឃើញអ្នកទាំងពីរនោះកំពុងដើរតាមព្រះអង្គដូច្នេះ ក៏មានបន្ទូលទៅពួកគេថា៖ «តើពួកអ្នកមករកអ្វី?» ពួកគេទូលទៅព្រះអង្គថា៖ «រ៉ាប់ប៊ី! (ដែលប្រែថា លោកគ្រូ) តើលោកស្នាក់នៅកន្លែងណា?»
39. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកមើលចុះ!» ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គគង់នៅ រួចបានស្នាក់នៅជាមួយព្រះអង្គនៅថ្ងៃនោះ ព្រោះពេលនោះម៉ោងប្រហែលបួនរសៀលហើយ។
40. ក្នុងចំណោមសិស្សទាំងពីរនាក់ ដែលបានឮលោកយ៉ូហាននិយាយ ហើយបានដើរតាមព្រះអង្គនោះ មានម្នាក់ឈ្មោះអន់ទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស។
41. លោកអនទ្រេបានទៅជួបលោកស៊ីម៉ូនជាបងប្រុសរបស់គាត់មុនគេ ហើយប្រាប់ថា៖ «យើងបានជួបព្រះមែស៊ីហើយ!» (ដែលប្រែថា ព្រះគ្រិស្ដ)។
42. គាត់ក៏នាំលោកស៊ីម៉ូនទៅឯព្រះយេស៊ូ កាលព្រះយេស៊ូឃើញលោកស៊ីម៉ូន ក៏មានបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន អ្នកនឹងត្រូវគេហៅថា កេផាស» (ដែលប្រែថា ពេត្រុស)។