24. ពួកអ្នកដែលគេបានចាត់ឲ្យមកនេះ ពួកគេមកពីខាងគណៈផារិស៊ី
25. ហើយពួកគេសួរគាត់ម្ដងទៀតថា៖ «បើអ្នកមិនមែនជាព្រះគ្រិស្ដ ឬលោកអេលីយ៉ា ឬអ្នកនាំព្រះបន្ទូលទេ ហេតុអ្វីបានជាអ្នកធ្វើពិធីជ្រមុជទឹកដូច្នេះ?»
26. លោកយ៉ូហានឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជដោយទឹក ប៉ុន្ដែមានព្រះមួយអង្គនៅក្នុងចំណោមអ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនស្គាល់
27. ព្រះអង្គយាងមកក្រោយខ្ញុំ ហើយខ្ញុំមិនស័ក្តិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង»។
28. ហេតុការណ៍ទាំងនេះបានកើតឡើងក្នុងក្រុងបេថានី នៅត្រើយម្ខាងនៃអូរយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។
29. ថ្ងៃបន្ទាប់មក លោកយ៉ូហានបានឃើញព្រះយេស៊ូយាងមកឯគាត់ នោះគាត់និយាយថា៖ «មើល៍ នោះជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកយកបាបរបស់មនុស្សលោក
30. គឺព្រះអង្គនេះហើយដែលខ្ញុំប្រាប់ថា ជាព្រះមួយអង្គដែលយាងមកក្រោយខ្ញុំ ហើយត្រលប់ជាមុនខ្ញុំ ដ្បិតព្រះអង្គបានគង់នៅមុនខ្ញុំ។
31. ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ដូច្នេះបានជាខ្ញុំធ្វើពិធីជ្រមុជដោយទឹក ដើម្បីឲ្យអ៊ីស្រាអែលស្គាល់ព្រះអង្គ»។
32. លោកយ៉ូហានបានធ្វើបន្ទាល់ថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីស្ថានសួគ៌ ដូចជាសត្វព្រាប មកសណ្ឋិតលើព្រះអង្គ
33. ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្ដែព្រះអង្គដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក បានមានបន្ទូលប្រាប់ខ្ញុំថា៖ «ពេលអ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ»។
34. ដូច្នេះ ខ្ញុំបានឃើញ ហើយបានជាខ្ញុំធ្វើបន្ទាល់ថា គឺព្រះអង្គនេះហើយ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»។
35. នៅថ្ងៃបន្ទាប់មក លោកយ៉ូហានបានឈរម្ដងទៀត ជាមួយសិស្សរបស់គាត់ពីរនាក់
36. គាត់មើលឃើញព្រះយេស៊ូកំពុងយាងកាត់ទីនោះ គាត់ក៏និយាយថា៖ «មើល៍ នោះជាកូនចៀមរបស់ព្រះជាម្ចាស់»។
37. ពេលសិស្សទាំងពីររបស់គាត់ឮគាត់និយាយដូច្នេះ ពួកគេក៏ដើរតាមព្រះយេស៊ូទៅ។
38. ពេលព្រះយេស៊ូងាកមកឃើញអ្នកទាំងពីរនោះកំពុងដើរតាមព្រះអង្គដូច្នេះ ក៏មានបន្ទូលទៅពួកគេថា៖ «តើពួកអ្នកមករកអ្វី?» ពួកគេទូលទៅព្រះអង្គថា៖ «រ៉ាប់ប៊ី! (ដែលប្រែថា លោកគ្រូ) តើលោកស្នាក់នៅកន្លែងណា?»
39. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកមើលចុះ!» ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គគង់នៅ រួចបានស្នាក់នៅជាមួយព្រះអង្គនៅថ្ងៃនោះ ព្រោះពេលនោះម៉ោងប្រហែលបួនរសៀលហើយ។
40. ក្នុងចំណោមសិស្សទាំងពីរនាក់ ដែលបានឮលោកយ៉ូហាននិយាយ ហើយបានដើរតាមព្រះអង្គនោះ មានម្នាក់ឈ្មោះអន់ទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស។
41. លោកអនទ្រេបានទៅជួបលោកស៊ីម៉ូនជាបងប្រុសរបស់គាត់មុនគេ ហើយប្រាប់ថា៖ «យើងបានជួបព្រះមែស៊ីហើយ!» (ដែលប្រែថា ព្រះគ្រិស្ដ)។