គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:17-30 Khmer Christian Bible (KCB)

17. ដ្បិត​គម្ពីរ​វិន័យ​បាន​ប្រទាន​មក​តាមរយៈ​លោក​ម៉ូសេ​ រីឯ​ព្រះគុណ​ និង​សេចក្ដី​ពិត​មក​តាម​រយៈ​ព្រះយេស៊ូ​គ្រិស្ដ​

18. គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះជាម្ចាស់​ទេ​ មាន​តែ​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​វរ​បិតា​ គី​ព្រះរាជ​បុត្រា​នោះ​ហើយ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​

19. កាល​ពួក​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​ និង​ពួក​លេវី​ពី​ក្រុង​យេរូសាឡិម​ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​ជា​នរណា?»​ គាត់​បាន​ធ្វើ​បន្ទាល់​ដូច​ត​ទៅ​

20. គឺ​គាត់​បាន​ប្រកាស​ដោយ​មិន​បដិសេធ​ គឺ​ប្រកាស​ថា៖​ «ខ្ញុំ​មិនមែន​ជា​ព្រះគ្រិស្ដ​ទេ»​

21. នោះ​ពួកគេ​សួរ​គាត់​ថា ៖​ «ដូច្នេះ​តើ​អ្នក​ជា​នរណា?​ តើ​អ្នក​ជា​អេលីយ៉ា​ឬ?»​ គាត់​ឆ្លើយ​ថា៖​ «មិនមែន​ខ្ញុំ​ទេ!»​ ពួកគេ​សួរ​ទៀត​ថា៖​ «តើ​អ្នក​ជា​អ្នក​នាំ​ព្រះបន្ទូល​ឬ?»​ គាត់​ក៏​ឆ្លើយ​ថា៖​ «ទេ!»​

22. ដូច្នេះ ​ពួកគេ​ក៏​សួរ​ទៀត​ថា៖​ «តើ​អ្នក​ជា​នរណា?​ តើ​អ្នក​ថា​ខ្លួន​អ្នក​ជា​នរណា ​ដើម្បី​ឲ្យ​យើង​អាច​មាន​ចម្លើយ​សម្រាប់​ពួកអ្នក​ដែល​ចាត់​យើង​ឲ្យ​មក»​

23. គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​ជា​សំឡេង​មួយ​កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអម្ចាស់​ ដូច​ដែល​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក»។​

24. ពួកអ្នក​ដែល​គេ​បាន​ចាត់​ឲ្យ​មក​នេះ​ ពួកគេ​មកពី​ខាង​គណៈ​ផារិស៊ី​

25. ហើយ​ពួកគេ​សួរ​គាត់​ម្ដង​ទៀត​ថា៖​ «បើ​អ្នក​មិនមែន​ជា​ព្រះគ្រិស្ដ​ ឬ​លោក​អេលីយ៉ា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ទេ ​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?»​

26. លោក​យ៉ូហាន​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​មាន​ព្រះ​មួយ​អង្គ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដែល​អ្នក​រាល់គ្នា​មិន​ស្គាល់​

27. ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្តិសម​នឹង​ស្រាយ​ខ្សែ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង»។​

28. ហេតុ​ការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ក្នុង​ក្រុង​បេថានី ​នៅ​ត្រើយ​ម្ខាង​នៃ​អូរ​យ័រដាន់​ ជា​កន្លែង​ដែល​លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក។​

29. ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឃើញ​ព្រះយេស៊ូ​យាង​មកឯ​គាត់​ នោះ​គាត់​និយាយ​ថា៖​ «មើល៍​ នោះ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់​ដែល​ដក​យក​បាប​របស់​មនុស្ស​លោក​

30. គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​ខ្ញុំ​ប្រាប់​ថា​ ជា​ព្រះ​មួយ​អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ​ ហើយ​ត្រលប់​ជា​មុន​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​គង់​នៅ​មុន​ខ្ញុំ។​

សូមអានជំពូកពេញលេញ យ៉ូហាន 1