គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:1-12 Khmer Christian Bible (KCB)

1. កាល​ពី​ដើម​ដំបូង​ មាន​ព្រះបន្ទូល​ ព្រះបន្ទូល​គង់​នៅ​ជាមួយ​ព្រះជាម្ចាស់​ ហើយ​ព្រះបន្ទូល​ជា​ព្រះជាម្ចាស់។​

2. ព្រះបន្ទូល​បាន​គង់​នៅ​ជាមួយ​ព្រះជាម្ចាស់​ តាំងពី​ដើម​ដំបូង​មក​

3. គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ព្រះបន្ទូល​ ហើយ​ក្នុង​បណ្ដា​របស់​ដែល​បាន​កើត​មក​ទាំងឡាយ​ បើ​គ្មាន​ព្រះបន្ទូល​ទេ​ គ្មាន​របស់​ណា​មួយ​កើត​មក​ឡើយ​

4. ដ្បិត​នៅ​ក្នុង​ព្រះបន្ទូល​មាន​ជីវិត​ ហើយ​ជីវិត​នោះ​ជា​ពន្លឺ​ដល់​មនុស្ស​លោក​

5. ពន្លឺ​នោះ​បាន​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត​ ហើយ​សេចក្ដី​ងងឹត​មិន​ឈ្នះ​ពន្លឺ​ឡើយ។​

6. មាន​មនុស្ស​ម្នាក់​ដែល​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​មក​ ឈ្មោះ​យ៉ូហាន​

7. គាត់​បាន​មក​ជា​សាក្សី​ដើម្បី​ធ្វើ​បន្ទាល់​អំពី​ពន្លឺ​ និង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ​ដោយសារ​គាត់​

8. ប៉ុន្ដែ​គាត់​មិនមែន​ជា​ពន្លឺ​ទេ​ គឺ​គាត់​ធ្វើ​បន្ទាល់​អំពី​ពន្លឺ‍។​

9. ព្រះអង្គ​ដែល​ជា​ពន្លឺ​ពិត​ប្រាកដ​ បាន​យាង​មក​ក្នុង​ពិភពលោក​ ដើម្បី​បំភ្លឺ​មនុស្ស​ទាំង​អស់។​

10. ព្រះអង្គ​បាន​គង់​នៅ​ក្នុង​ពិភពលោក​ ហើយ​ពិភពលោក​បាន​កើត​មក​ដោយសារ​ព្រះអង្គ​ ប៉ុន្ដែ​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ទេ។​

11. ព្រះអង្គ​បាន​យាង​មក​ផែនដី​របស់​ព្រះអង្គ​ ប៉ុន្ដែ​ប្រជារាស្រ្ដ​របស់​ព្រះអង្គ​មិន​បាន​ទទួល​ព្រះអង្គ​ឡើយ​

12. រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ​ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​ ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​ដល់​ពួកគេ​ឲ្យ​ត្រលប់​ជា​កូន​របស់​ព្រះជាម្ចាស់​

សូមអានជំពូកពេញលេញ យ៉ូហាន 1