គម្ពីរសញ្ញាថ្មី

យ៉ាកុប 5:7-14 Khmer Christian Bible (KCB)

7. ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​អត់ធ្មត់​រហូត​ដល់​ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក​ចុះ​ មើល៍​ កសិករ​ទន្ទឹង​រង់ចាំ​ផលផ្លែ​ដ៏​មាន​តម្លៃ​ដែល​កើត​ចេញ​ពី​ដី​ ដោយ​អត់ធ្មត់​ដែរ​ គឺ​តាំង​ពី​ភ្លៀង​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ‍។​

8. រីឯ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ចូរ​អត់ធ្មត់​ ហើយ​ពង្រឹង​ចិត្ត​របស់​អ្នក​ឲ្យ​មាំមួន​ឡើង​ ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ហើយ។​

9. បងប្អូន​អើយ!​ ចូរ​កុំ​រអ៊ូរទាំ​ទាស់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​ ក្រែងលោ​ត្រូវ​ជាប់​ជំនុំជម្រះ​ មើល៍​ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។​

10. បងប្អូន​អើយ!​ ចូរ​យក​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ព្រះបន្ទូល​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ទុក​ជា​គំរូ​អំពី​សេចក្ដី​អត់ធ្មត់​ និង​ការ​រងទុក្ខ​លំបាក​ចុះ។​

11. មើល៍​ យើង​រាប់​ពួកអ្នក​ដែល​បាន​ស៊ូទ្រាំ​ថា​ ជា​អ្នក​មាន​ពរ។​ អ្នក​រាល់គ្នា​បាន​ឮ​អំពី​ការ​ស៊ូទ្រាំ​របស់​លោក​យ៉ូប​ ហើយ​ឃើញ​លទ្ធផល​ចុងក្រោយ​របស់​គាត់​ដែល​មក​ពី​ព្រះអម្ចាស់​ដែរ​ ដ្បិត​ព្រះអម្ចាស់​ពេញ​ដោយ​ព្រះហឫ​ទ័យ​អាណិត​អាសូរ​ និង​មេត្តា​ករុណា។​

12. លើស​ពី​នេះ​ទៅ​ទៀត​ បងប្អូន​របស់​ខ្ញុំ​អើយ!​ កុំ​ស្បថ​ឲ្យ​សោះ​ មិនថាស្បថ​នឹង​ស្ថានសួគ៌​ ឬ​ផែនដី​ ឬ​សម្បថ​ណា​ផ្សេង​ទៀត​ក្ដី​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ពាក្យ​របស់​អ្នក​រាល់គ្នា​ បាទ​ គឺ​បាទ​ ហើយ​ទេ​ គឺ​ទេ​ចុះ​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ជាប់​ជំនុំជម្រះ​ឡើយ។​

13. នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​អ្នកណា​រងទុក្ខ​លំបាក​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​អធិស្ឋាន​ចុះ​ មាន​អ្នកណា​អរ​សប្បាយ​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​ច្រៀង​សរសើរ​ចុះ​

14. នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​អ្នកណា​ឈឺ​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​មក​អធិស្ឋាន​ទាំង​លាបប្រេង​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ចុះ​

សូមអានជំពូកពេញលេញ យ៉ាកុប 5