11. មើល៍ យើងរាប់ពួកអ្នកដែលបានស៊ូទ្រាំថា ជាអ្នកមានពរ។ អ្នករាល់គ្នាបានឮអំពីការស៊ូទ្រាំរបស់លោកយ៉ូប ហើយឃើញលទ្ធផលចុងក្រោយរបស់គាត់ដែលមកពីព្រះអម្ចាស់ដែរ ដ្បិតព្រះអម្ចាស់ពេញដោយព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណា។
12. លើសពីនេះទៅទៀត បងប្អូនរបស់ខ្ញុំអើយ! កុំស្បថឲ្យសោះ មិនថាស្បថនឹងស្ថានសួគ៌ ឬផែនដី ឬសម្បថណាផ្សេងទៀតក្ដី ផ្ទុយទៅវិញ ចូរឲ្យពាក្យរបស់អ្នករាល់គ្នា បាទ គឺបាទ ហើយទេ គឺទេចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាជាប់ជំនុំជម្រះឡើយ។
13. នៅក្នុងចំណោមអ្នករាល់គ្នា មានអ្នកណារងទុក្ខលំបាកដែរឬ ចូរឲ្យអ្នកនោះអធិស្ឋានចុះ មានអ្នកណាអរសប្បាយដែរឬ ចូរឲ្យអ្នកនោះច្រៀងសរសើរចុះ
14. នៅក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាឈឺដែរឬ ចូរឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមកអធិស្ឋានទាំងលាបប្រេងនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ចុះ
15. ការអធិស្ឋានដោយជំនឿនឹងសង្គ្រោះអ្នកឈឺ ហើយព្រះអម្ចាស់នឹងប្រោសគាត់ឲ្យបានជា បើគាត់បានប្រព្រឹត្ដបាប គាត់នឹងបានទទួលការលើកលែងទោស។
16. ដូច្នេះ ចូរអ្នករាល់គ្នាសារភាពបាបដល់គ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាសះស្បើយចុះ ដ្បិតសេចក្ដីទូលអង្វររបស់មនុស្សសុចរិតពូកែ និងមានប្រសិទ្ធភាពខ្លាំងណាស់។
17. លោកអេលីយ៉ាជាមនុស្សដែលមានលក្ខណៈដូចយើង គាត់បានអធិស្ឋាន សុំកុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដីអស់បីឆ្នាំប្រាំមួយខែ។
18. បន្ទាប់មក គាត់បានអធិស្ឋានម្ដងទៀត នោះមេឃក៏បង្អុរភ្លៀង ហើយដីក៏បានបង្កើតផលផ្លែ។