គម្ពីរសញ្ញាថ្មី

យ៉ាកុប 2:2-16 Khmer Christian Bible (KCB)

2. ដ្បិត​បើ​មាន​មនុស្ស​ម្នាក់​ចូល​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់គ្នា​ ទាំង​ពាក់​ចិញ្ចៀន​មាស​ និង​សម្លៀក​បំពាក់​ភ្លឺផ្លេក​ ហើយ​មាន​អ្នកក្រ​ម្នាក់​ស្លៀក​ពាក់​កខ្វក់​ចូល​មក​ដែរ​

3. រួច​អ្នក​រាល់គ្នា​ក៏​មើល​ទៅ​អ្នក​ដែល​ស្លៀក​ពាក់​ភ្លឺផ្លេក​នោះ​ ទាំង​និយាយ​ថា​ សូម​អញ្ជើញ​អង្គុយ​នៅ​កន្លែង​កិត្ដិយស​នេះ​ចុះ​ ហើយ​និយាយ​ទៅ​កាន់​អ្នក​ក្រ​ថា​ ចូរ​ឈរ​នៅ​ទីនោះ​ ឬ​និយាយ​ថា​ ចូរ​អង្គុយ​នៅ​ក្បែរ​កំណល់​ជើង​របស់​ខ្ញុំ​នេះ​ចុះ​

4. តើ​នោះ​មិន​បាន​សេចក្ដី​ថា​ អ្នក​រាល់គ្នា​រាប់អាន​មនុស្ស​ដោយ​រើសមុខ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយ​ត្រលប់​ជា​អ្នក​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​របស់​ខ្លួន​ទេ​ឬ‍?​

5. ចូរ​ស្ដាប់​ចុះ​ បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ តើ​ព្រះជាម្ចាស់​មិន​បាន​ជ្រើសរើស​អ្នកក្រ​នៅ​ក្នុង​ពិភព​លោក​នេះ​ ឲ្យ​ធ្វើ​ជា​អ្នកមាន​ខាង‍​ឯ​ជំនឿ​ និង​ជា​អ្នក​ទទួល​បាន​នគរ​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ទុក​ជា​មរតក​ទេ​ឬ‍?​

6. ប៉ុន្ដែ​អ្នក​រាល់គ្នា​បែរ​ជា​ធ្វើ​ឲ្យ​អ្នកក្រ​អាម៉ាស់​ទៅ​វិញ​ តើ​មិន​មែន​ពួកអ្នកមាន​ទេ​ឬ​ដែល​សង្កត់​សង្កិន​ ហើយ​អូស​អ្នក​រាល់គ្នា​ទៅ​តុលាការ?​

7. តើ​មិន​មែន​ពួកអ្នកមាន​ទេ​ឬ​ដែល​ប្រមាថ​នាម​ដ៏​ល្អ​ ដែល​គេ​ហៅ​អ្នក​រាល់គ្នា​តាម​នាម​នោះ?​

8. បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​ក្រឹត្យ​វិន័យ​ដ៏​ប្រសើរ​ ស្របតាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ ចូរ​ស្រឡាញ់​អ្នក​ជិតខាង​របស់​ខ្លួន​ឲ្យ​ដូច​ខ្លួនឯង​ នោះ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាន​ល្អ​ហើយ​

9. ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​លំអៀង​ នោះ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាប​ ហើយ​ក្រឹត្យវិន័យ​ក៏​បង្ហាញ​ថា​អ្នក​រាល់គ្នា​ជា​អ្នក​ល្មើស​ក្រឹត្យវិន័យ​ដែរ។​

10. ដ្បិត​អ្នកណា​ដែល​កាន់តាម​ក្រឹត្យវិន័យ​ទាំង​អស់​ ប៉ុន្ដែ​បាន​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ នោះ​ត្រលប់​ជា​មាន​ទោស​នៅ​ចំពោះ​ក្រឹត្យវិន័យ​ទាំង​អស់​ហើយ​

11. ដ្បិត​ព្រះជាម្ចាស់​ដែល​មាន​បន្ទូល​ថា​ កុំ​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ ព្រះអង្គ​ក៏​បាន​មាន​បន្ទូល​ដែរ​ថា​ កុំ​សម្លាប់​មនុស្ស។​ ដូច្នេះ​ ទោះបី​អ្នក​មិន​បាន​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ក៏​ដោយ​ ប៉ុន្ដែ​បាន​សម្លាប់​មនុស្ស​ នោះ​អ្នក​បាន​ត្រលប់​ជា​អ្នក​ល្មើស​នឹង​ក្រឹត្យវិន័យ​ហើយ។​

12. ដូច្នេះ ចូរ​អ្នក​រាល់គ្នា​និយាយ​ ព្រមទាំង​ប្រព្រឹត្ដ​ឲ្យ​ស័ក្តិសម​ជា​ពួកអ្នក​ដែល​ក្រឹត្យវិន័យ​នៃ​សេរីភាព​រៀប​នឹង​ជំនុំជម្រះ​ចុះ​

13. ដ្បិត​ការ​ជំនុំជម្រះ​គ្មាន​សេចក្ដី​មេត្ដា​ករុណា​ទេ​ ចំពោះ​អស់​អ្នក​ដែល​គ្មាន​សេចក្ដី​មេត្ដា​ករុណា​ ប៉ុន្ដែសេចក្ដី​មេត្ដា​ករុណា​នឹង​ឈ្នះ​ការ​ជំនុំជម្រះ។​

14. ឱ​ បងប្អូន​របស់​ខ្ញុំ​អើយ!​ បើ​មាន​អ្នកណា​និយាយ​ថា​ខ្លួន​មាន​ជំនឿ​ ប៉ុន្ដែ​គ្មាន​ការ​ប្រព្រឹត្តិ​ តើ​មាន​ប្រយោជន៍​អ្វី‍?​ តើ​ជំនឿ​បែប​នេះ​អាច​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ‍​ឬ​ទេ‍?​

15. បើ​មាន​បងប្អូន​ប្រុស​ ឬ​ស្រី​ណា​ម្នាក់​រស់នៅ​ដោយ​ខ្វះ​សម្លៀក​បំពាក់​ និង​ខ្វះ​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ​

16. ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​និយាយ​ទៅ​បងប្អូន​នោះ​ថា​ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ សូម​ឲ្យ​បាន​កក់ក្ដៅ​ និង​ឆ្អែត​ចុះ ប៉ុន្ដែ​មិន​បាន​ឲ្យ​អ្វីៗ​ដែល​បងប្អូន​នោះ​ត្រូវ​ការ​សម្រាប់​រូបកាយ​ទេ​ តើ​នោះ​មាន​ប្រយោជន៍​អ្វី?​

សូមអានជំពូកពេញលេញ យ៉ាកុប 2