គម្ពីរសញ្ញាថ្មី

យ៉ាកុប 2:14-26 Khmer Christian Bible (KCB)

14. ឱ​ បងប្អូន​របស់​ខ្ញុំ​អើយ!​ បើ​មាន​អ្នកណា​និយាយ​ថា​ខ្លួន​មាន​ជំនឿ​ ប៉ុន្ដែ​គ្មាន​ការ​ប្រព្រឹត្តិ​ តើ​មាន​ប្រយោជន៍​អ្វី‍?​ តើ​ជំនឿ​បែប​នេះ​អាច​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ‍​ឬ​ទេ‍?​

15. បើ​មាន​បងប្អូន​ប្រុស​ ឬ​ស្រី​ណា​ម្នាក់​រស់នៅ​ដោយ​ខ្វះ​សម្លៀក​បំពាក់​ និង​ខ្វះ​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ​

16. ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​និយាយ​ទៅ​បងប្អូន​នោះ​ថា​ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ សូម​ឲ្យ​បាន​កក់ក្ដៅ​ និង​ឆ្អែត​ចុះ ប៉ុន្ដែ​មិន​បាន​ឲ្យ​អ្វីៗ​ដែល​បងប្អូន​នោះ​ត្រូវ​ការ​សម្រាប់​រូបកាយ​ទេ​ តើ​នោះ​មាន​ប្រយោជន៍​អ្វី?​

17. រីឯ​ជំនឿ​ក៏​ដូច្នោះ​ដែរ​ បើ​គ្មាន​ការ​ប្រព្រឹត្ដិ​ទេ​ នោះ​ស្លាប់​ហើយ​

18. ប៉ុន្ដែ​អ្នក​ខ្លះ​នឹង​និយាយ​ថា អ្នក​មាន​ជំនឿ​ រីឯ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ដិ។​ ដូច្នេះ​ ចូរ​បង្ហាញ​ខ្ញុំ​អំពី​ជំនឿ​របស់​អ្នក​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ ហើយ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​ជំនឿ​របស់​ខ្ញុំ​តាមរយៈ​ការ​ប្រព្រឹត្ដិ​វិញ‍​។​

19. អ្នក​ជឿ​ថា​មាន​ព្រះជាម្ចាស់​តែ​មួយ​ នោះ​ត្រឹមត្រូវ​ហើយ​ សូម្បី​តែ​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ​ ហើយ​វា​ភ័យខ្លាច​ទៀត​ផង។​

20. ឱ​ មនុស្ស​ឥត​ប្រាជ្ញា​អើយ!​ តើ​អ្នក​ចង់​ដឹង​ដែរ‍ឬ​ទេ​ថា​ ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ គឺ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។​

21. តើ​លោក​អ័ប្រាហាំ​ដែល​ជា​ដូនតា​របស់​យើង​ មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្ដិ​ នៅ​ពេល​គាត់​ថ្វាយ​អ៊ីសាក​ ជា​កូន​ប្រុស​របស់​គាត់​នៅ​លើ​កន្លែង​ថ្វាយ​តង្វាយ​ទេ​ឬ?​

22. អ្នក​ឃើញ​ថា​ ជំនឿ​គួបផ្សំ​ជាមួយ​ការ​ប្រព្រឹត្ដិ​របស់​គាត់​ ហើយ​ដោយសារ​ការ​ប្រព្រឹត្ដិ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ជំនឿ​គ្រប់​លក្ខណ៍​

23. និង​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា​ លោក​អ័ប្រាហាំ​បាន​ជឿ​ព្រះជាម្ចាស់​ ហើយ​គាត់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​នោះ​ឯង​ ព្រមទាំង​ត្រូវ​បាន​ហៅ​ថា​ជា​សម្លាញ់​របស់​ព្រះជាម្ចាស់។​

24. ដូច្នេះ​ អ្នក​រាល់គ្នា​ឃើញ​ហើយ​ថា​ មនុស្ស​ត្រូវ​បាន​រាប់​ជា​សុចរិត​ មិន​មែន​ដោយ​សារ​ជំនឿ​ប៉ុណ្ណោះ​ទេ​ គឺ​ដោយ​សារ​ការ​ប្រព្រឹត្ដិ​ដែរ‍។​

25. រីឯ​នាង​រ៉ាហាប​ ជា​ស្ដ្រី​ពេស្យា​ ក៏​ដូច្នោះ​ដែរ​ តើ​នាង​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ ដោយសារ​ការ​ដែល​នាង​បាន​ប្រព្រឹត្ត​ទេ​ឬ​ គឺ​ក្នុង​កាល​ដែល​នាង​បាន​ទទួល​ពួកអ្នក​នាំសារ​ ហើយ​បាន​ឲ្យ​ពួកគេ​ចេញ​តាម​ផ្លូវ​មួយ​ទៀត។​

26. ដូច្នេះ​ រូបកាយ​គ្មាន​វិញ្ញាណ​ស្លាប់​ជា​យ៉ាង​ណា​ នោះ​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ក៏​ស្លាប់​ជា​យ៉ាង​នោះ​ដែរ។​

សូមអានជំពូកពេញលេញ យ៉ាកុប 2