16. បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរកុំឲ្យចាញ់បញ្ឆោតឡើយ
17. ដ្បិតគ្រប់ទាំងរបស់ល្អ និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍សុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
18. ព្រះអង្គបានបង្កើតយើងទៅតាមបំណងរបស់ព្រះអង្គដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងត្រលប់ជាផលដំបូងមួយនៅក្នុងចំណោមអ្វីៗដែលព្រះអង្គបានបង្កើតមក។
19. បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះចុះថា ចូរឲ្យគ្រប់គ្នាឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយកុំរហ័សខឹងឡើយ
20. ដ្បិតកំហឹងរបស់មនុស្សមិនអាចសម្រេចបានសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ទេ។
21. ដូច្នេះ ចូរបោះបង់សេចក្ដីស្មោកគ្រោកគ្រប់បែបយ៉ាង និងសេចក្ដីអាក្រក់ទាំងឡាយចោល ហើយទទួលយកព្រះបន្ទូលដែលបានដាំនៅក្នុងចិត្ដរបស់អ្នករាល់គ្នា ដោយចិត្ដស្លូតបូត ដ្បិតព្រះបន្ទូលអាចជួយសង្គ្រោះព្រលឹងរបស់អ្នករាល់គ្នាបាន។
22. ចូរធ្វើជាអ្នកប្រព្រឹត្ដតាមព្រះបន្ទូល កុំឲ្យគ្រាន់តែស្ដាប់ ដោយបញ្ឆោតខ្លួនឯងនោះឡើយ
23. ដ្បិតបើអ្នកណាស្ដាប់ព្រះបន្ទូលហើយ ប៉ុន្ដែមិនប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សម្នាក់ដែលឆ្លុះកញ្ចក់មើលមុខខ្លួនឯង
24. ពេលមើលរួចហើយ ក៏ចេញទៅ ភ្លាមនោះ ក៏ភ្លេចថាខ្លួនមានមុខយ៉ាងណា
25. ប៉ុន្ដែអ្នកណាដែលពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ ជាក្រឹត្យវិន័យនៃសេរីភាព ហើយនៅខ្ជាប់ខ្ជួន ទាំងមិនភ្លេចសេចក្ដីដែលខ្លួនបានឮ ផ្ទុយទៅវិញ ប្រព្រឹត្ដតាម អ្នកនោះនឹងមានពរនៅក្នុងកិច្ចការដែលខ្លួនធ្វើ។
26. បើអ្នកណាគិតថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតរបស់ខ្លួន អ្នកនោះបញ្ឆោតចិត្តខ្លួនឯងហើយ រីឯសាសនាដែលអ្នកនោះកាន់ក៏គ្មានប្រយោជន៍ដែរ។
27. រីឯសាសនាបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះជាម្ចាស់ដ៏ជាព្រះវរបិតានោះ គឺថាត្រូវសួរសុខទុក្ខក្មេងកំព្រា និងស្ដ្រីមេម៉ាយដែលមានសេចក្ដីវេទនា ហើយរក្សាខ្លួនមិនឲ្យសៅហ្មងដោយសារលោកិយនេះឡើយ។