គម្ពីរសញ្ញាថ្មី

យ៉ាកុប 1:15-27 Khmer Christian Bible (KCB)

15. ​ពេល​សេចក្ដី​ប៉ងប្រាថ្នា​ចាប់​កំណើត​ នោះ​សម្រាល​បាន​បាប​ ហើយ​ពេល​បាប​ពេញ​វ័យ​ឡើង​ នោះក៏​បង្កើត​បាន​សេចក្ដី​ស្លាប់។​

16. បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​

17. ដ្បិត​គ្រប់​ទាំង​របស់​ល្អ​ និង​គ្រប់​ទាំង​អំណោយទានដ៏​គ្រប់​លក្ខណ៍​សុទ្ធ​តែ​មក​ពី​ស្ថានលើ​ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ​ ដែល​ព្រះអង្គ​មិន​ប្រែប្រួល​ សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់ប្រែ​ក៏​គ្មាន​ដែរ។​

18. ព្រះអង្គ​បាន​បង្កើត​យើង​ទៅ​តាម​បំណង​របស់​ព្រះអង្គ​ដោយសារ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​ផល​ដំបូង​មួយ​នៅក្នុង​ចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។​

19. បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​នេះ​ចុះ​ថា​ ចូរ​ឲ្យ​គ្រប់​គ្នា​ឆាប់​នឹង​ស្ដាប់​ យឺតនឹង​និយាយ​ ហើយ​កុំ​រហ័ស​ខឹង​ឡើយ​

20. ​ដ្បិត​កំហឹង​របស់​មនុស្ស​មិន​អាច​សម្រេច​បាន​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ទេ​។

21. ​ដូច្នេះ ចូរ​បោះ​បង់​សេចក្ដីស្មោក​គ្រោក​គ្រប់​បែបយ៉ាង និង​សេចក្ដីអាក្រក់​ទាំង​ឡាយ​ចោល ហើយ​ទទួល​យក​ព្រះបន្ទូល​ដែល​បាន​ដាំ​នៅ​ក្នុង​ចិត្ដរបស់​អ្នក​រាល់គ្នា ដោយ​ចិត្ដ​ស្លូត​បូត ដ្បិត​ព្រះបន្ទូល​អាច​ជួយ​សង្គ្រោះព្រលឹង​របស់​អ្នក​រាល់គ្នា​បាន។

22. ​ចូរ​ធ្វើ​ជា​អ្នក​ប្រព្រឹត្ដ​តាម​ព្រះ​បន្ទូល​ កុំ​ឲ្យ​គ្រាន់​តែ​ស្ដាប់​ ដោយ​បញ្ឆោត​ខ្លួន​ឯង​នោះ​ឡើយ​

23. ដ្បិត​បើ​អ្នកណា​ស្ដាប់​ព្រះ​បន្ទូល​ហើយ​ ប៉ុន្ដែមិន​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង​

24. ពេល​មើល​រួច​ហើយ​ ក៏​ចេញ​ទៅ​ ភ្លាម​នោះ​ ក៏​ភ្លេច​ថា​ខ្លួន​មានមុខ​យ៉ាង​ណា​

25. ប៉ុន្ដែ​អ្នកណា​ដែល​ពិនិត្យ​មើល​ក្រឹត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍​ ជា​ក្រឹត្យ​វិន័យ​នៃ​សេរី​ភាព​ ហើយ​នៅ​ខ្ជាប់ខ្ជួន​ ទាំង​មិន​ភ្លេច​សេចក្ដី​ដែល​ខ្លួន​បាន‍​ឮ​ ផ្ទុយ​ទៅ​វិញ​ ប្រព្រឹត្ដ​តាម​ អ្នក​នោះ​នឹង​មាន​ពរ​នៅ​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ។​

26. បើ​អ្នកណា​គិត​ថា​ ខ្លួន​ជា​អ្នក​កាន់​សាសនា​ តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន​ អ្នក​នោះ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង​ហើយ​ រីឯ​សាសនា​ដែល​អ្នកនោះ​កាន់​ក៏​គ្មាន​ប្រយោជន៍​ដែរ។​

27. រីឯ​សាសនា​បរិសុទ្ធ​ ហើយ​ឥត​សៅហ្មង​នៅ​ចំពោះ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​នោះ​ គឺ​ថា​ត្រូវ​សួរ​សុខទុក្ខ​ក្មេង​កំព្រា​ និង​ស្ដ្រី​មេម៉ាយ​ដែល​មាន​សេចក្ដី​វេទនា​ ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​សៅហ្មង​ដោយសារ​លោកិយ​នេះ​ឡើយ។

សូមអានជំពូកពេញលេញ យ៉ាកុប 1