គម្ពីរសញ្ញាថ្មី

យ៉ាកុប 1:10-20 Khmer Christian Bible (KCB)

10. ហើយ​អ្នកមាន​ក៏​មាន​មោទនៈភាព​ដែរ​ ដោយ​ព្រោះ​បាន​បន្ទាបចុះ​ ព្រោះ​គេ​នឹង​វិនាស​ទៅ​ដូច​ជា​ផ្កា​ស្មៅ។​

11. ពេល​ថ្ងៃរះ​ឡើង​ពេញ​កំដៅ​ ស្មៅ​ក៏​ក្រៀម​ស្វិត​ ហើយ​ផ្កា​ស្មៅ​ក៏​រុះរោយ​ រីឯ​សម្រស់​របស់​វា​ក៏​បាត់បង់​ដែរ​ ដូច្នេះ​អ្នកមាន​នឹង​វិនាស​ទៅជា​យ៉ាង​នោះ​ដែរ‍​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន។​

12. មាន​ពរ​ហើយ​អ្នកណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្ដី​ល្បួង​ ព្រោះ​ក្រោយ​ពី​បាន​ឃើញ​ថា​ខ្ជាប់ខ្ជួន​ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ។​

13. កាល​ណា​ជួប​សេចក្ដី​ល្បួង​ កុំ​ឲ្យ​អ្នកណា​ម្នាក់​និយាយ​ថា​ព្រះជាម្ចាស់​ល្បួង​ខ្ញុំ​ឡើយ​ ដ្បិត​ការ​អាក្រក់​មិន​អាច​ល្បួង​ព្រះជាម្ចាស់​បាន​ទេ​ ហើយ​ព្រះអង្គ​ក៏​មិន​ល្បួង​អ្នកណា​ដែរ​

14. ព្រោះ​ការ​ដែល​ម្នាក់ៗ​ជួប​សេចក្ដី​ល្បួង​ គឺ​ដោយ​សារ​ត្រូវ​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ និង​លួងលោម​ប៉ុណ្ណោះ។​

15. ​ពេល​សេចក្ដី​ប៉ងប្រាថ្នា​ចាប់​កំណើត​ នោះ​សម្រាល​បាន​បាប​ ហើយ​ពេល​បាប​ពេញ​វ័យ​ឡើង​ នោះក៏​បង្កើត​បាន​សេចក្ដី​ស្លាប់។​

16. បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​

17. ដ្បិត​គ្រប់​ទាំង​របស់​ល្អ​ និង​គ្រប់​ទាំង​អំណោយទានដ៏​គ្រប់​លក្ខណ៍​សុទ្ធ​តែ​មក​ពី​ស្ថានលើ​ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ​ ដែល​ព្រះអង្គ​មិន​ប្រែប្រួល​ សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់ប្រែ​ក៏​គ្មាន​ដែរ។​

18. ព្រះអង្គ​បាន​បង្កើត​យើង​ទៅ​តាម​បំណង​របស់​ព្រះអង្គ​ដោយសារ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​ផល​ដំបូង​មួយ​នៅក្នុង​ចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។​

19. បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​នេះ​ចុះ​ថា​ ចូរ​ឲ្យ​គ្រប់​គ្នា​ឆាប់​នឹង​ស្ដាប់​ យឺតនឹង​និយាយ​ ហើយ​កុំ​រហ័ស​ខឹង​ឡើយ​

20. ​ដ្បិត​កំហឹង​របស់​មនុស្ស​មិន​អាច​សម្រេច​បាន​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ទេ​។

សូមអានជំពូកពេញលេញ យ៉ាកុប 1