គម្ពីរសញ្ញាថ្មី

យ៉ាកុប 1:1-16 Khmer Christian Bible (KCB)

1. ខ្ញុំ​យ៉ាកុប​ ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​ដែល​បែក​ខ្ញែក​គ្នា។​

2. បងប្អូន​របស់​ខ្ញុំ​អើយ!​ កាល​ណា​អ្នក​រាល់គ្នា​ជួប​សេចក្ដី​ល្បួង​ផ្សេងៗ​ នោះ​ត្រូវ​ចាត់​ទុក​ថា​ជា​អំណរ​ដ៏​ក្រៃលែង​

3. ទាំង​ដឹង​ថា​ ការ​ល្បងល​ជំនឿ​របស់​អ្នក​រាល់គ្នា​បង្កើត​សេចក្ដី​អត់ធ្មត់​

4. ហើយ​ចូរ​ទុក​ឲ្យ​សេចក្ដី​អត់ធ្មត់​នោះ​បង្កើត​ផល​គ្រប់​លក្ខណ៍​ចុះ ដើម្បី​ឲ្យអ្នក​រាល់គ្នា​បាន​ពេញវ័យ​ ហើយ​គ្រប់​លក្ខណ៍​ឥត​ខ្វះ​អ្វី​ឡើយ​

5. ប៉ុន្ដែ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា បើ​មាន​អ្នកណា​ម្នាក់​ខ្វះ​ប្រាជ្ញា​ ចូរ​ឲ្យ​អ្នក​នោះ​ទូល​សុំ​ព្រះជាម្ចាស់​ដែលប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​ដោយ​សប្បុរស​ និង​មិន​បន្ទោស​ចុះ​ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យមិន​ខាន​

6. ប៉ុន្ដែ​អ្នក​នោះ​ត្រូវ​ទូល​សុំ​ដោយ​ជំនឿ​ឥត​សង្ស័យ​អ្វី​ឡើយ​ ដ្បិត​អ្នកណា​ដែល​សង្ស័យ​ អ្នក​នោះ​ប្រៀប​ដូចជា​រលក​សមុទ្រ​ដែល​ត្រូវ​ខ្យល់​បោក​បក់​កម្រើក​ចុះ​ឡើង។

7. ​ចូរ​កុំ​ឲ្យ​អ្នក​នោះ​នឹក​ស្មាន​ថា​ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះអម្ចាស់​ឲ្យ​សោះ​

8. ព្រោះ​គេ​ជា​មនុស្ស​មាន​ចិត្ដ​ពីរ​ មិន​នឹងន​ក្នុង​ការ​ប្រព្រឹត្ដិ​ទាំង​ស្រុង​របស់ខ្លួនទេ។

9. ​ចូរ​បងប្អូន​ដែល​ក្រីក្រ​មាន​មោទនៈភាព​ឡើង​ ដោយ​ព្រោះ​បាន​ថ្កើង​ឡើង​

10. ហើយ​អ្នកមាន​ក៏​មាន​មោទនៈភាព​ដែរ​ ដោយ​ព្រោះ​បាន​បន្ទាបចុះ​ ព្រោះ​គេ​នឹង​វិនាស​ទៅ​ដូច​ជា​ផ្កា​ស្មៅ។​

11. ពេល​ថ្ងៃរះ​ឡើង​ពេញ​កំដៅ​ ស្មៅ​ក៏​ក្រៀម​ស្វិត​ ហើយ​ផ្កា​ស្មៅ​ក៏​រុះរោយ​ រីឯ​សម្រស់​របស់​វា​ក៏​បាត់បង់​ដែរ​ ដូច្នេះ​អ្នកមាន​នឹង​វិនាស​ទៅជា​យ៉ាង​នោះ​ដែរ‍​នៅ​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន។​

12. មាន​ពរ​ហើយ​អ្នកណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្ដី​ល្បួង​ ព្រោះ​ក្រោយ​ពី​បាន​ឃើញ​ថា​ខ្ជាប់ខ្ជួន​ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ។​

13. កាល​ណា​ជួប​សេចក្ដី​ល្បួង​ កុំ​ឲ្យ​អ្នកណា​ម្នាក់​និយាយ​ថា​ព្រះជាម្ចាស់​ល្បួង​ខ្ញុំ​ឡើយ​ ដ្បិត​ការ​អាក្រក់​មិន​អាច​ល្បួង​ព្រះជាម្ចាស់​បាន​ទេ​ ហើយ​ព្រះអង្គ​ក៏​មិន​ល្បួង​អ្នកណា​ដែរ​

14. ព្រោះ​ការ​ដែល​ម្នាក់ៗ​ជួប​សេចក្ដី​ល្បួង​ គឺ​ដោយ​សារ​ត្រូវ​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ និង​លួងលោម​ប៉ុណ្ណោះ។​

15. ​ពេល​សេចក្ដី​ប៉ងប្រាថ្នា​ចាប់​កំណើត​ នោះ​សម្រាល​បាន​បាប​ ហើយ​ពេល​បាប​ពេញ​វ័យ​ឡើង​ នោះក៏​បង្កើត​បាន​សេចក្ដី​ស្លាប់។​

16. បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​

សូមអានជំពូកពេញលេញ យ៉ាកុប 1