10. រីឯអ្នកទាំងនោះវិញ ពួកគេប្រមាថអ្វីៗដែលខ្លួនមិនស្គាល់ ហើយអ្វីៗដែលពួកគេស្គាល់តាមធម្មតាដូចសត្វតិរិច្ឆាន ពួកគេនឹងវិនាសដោយសារសេចក្ដីទាំងនោះវិញ។
11. វេទនាដល់អ្នកទាំងនោះហើយ ពីព្រោះពួកគេបានទៅតាមផ្លូវរបស់កាអ៊ីន និងបានស្ទុះចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាម ដើម្បីបានកម្រៃ ហើយបានវិនាសនៅក្នុងការបះបោរបស់កូរេ
12. មនុស្សទាំងនោះជាស្នាមប្រឡាក់នៅក្នុងពិធីបរិភោគអាហាររួមគ្នាដោយក្ដីស្រឡាញ់របស់អ្នករាល់គ្នា ពួកគេបរិភោគជាមួយអ្នករាល់គ្នាដោយឥតភ័យខ្លាចឡើយ ពួកគេចិញ្ចឹមតែខ្លួនឯងទេ ពួកគេជាពពកគ្មានទឹកដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើនៅរដូវត្រជាក់ដែលគ្មានផ្លែ ងាប់ពីរដង ហើយត្រូវរម្លើងឫស
13. ពួកគេជារលកសមុទ្រដ៏កំណាច ដែលបែកពពុះចេញជាសេចក្ដីអាម៉ាស់របស់ខ្លួនឯង ជាផ្កាយវង្វេងទិស ដែលមានសេចក្ដីងងឹតសូន្យសុងអស់កល្បជានិច្ចបានបម្រុងទុកសម្រាប់ពួកគេ។
14. លោកហេណុកដែលជាតំណទីប្រាំពីរបន្ទាប់ពីលោកអ័ដាម គាត់បានថ្លែងទុកអំពីមនុស្សទាំងនោះថា មើល៍ ព្រះអម្ចាស់បានយាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គជាច្រើនអនេក
15. ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយបង្ហាញពួកគេគ្រប់គ្នាឲ្យដឹងកំហុសអំពីការប្រព្រឹត្ដិទាំងឡាយរបស់ពួកគេដោយមិនគោរពកោតខ្លាចព្រះជាម្ចាស់ដែលពួកគេបានប្រព្រឹត្ដ និងអំពីពាក្យសំដីអសុរោះទាំងឡាយដែលមនុស្សបាបមិនគោរពកោតខ្លាចព្រះជាម្ចាស់បាននិយាយទាស់នឹងព្រះអង្គ។
16. មនុស្សទាំងនោះជាពួករអ៊ូរទាំ ហើយត្អូញត្អែរ ពួកគេរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហើយមាត់របស់ពួកគេនិយាយពាក្យអួតអាង ពួកគេតែងតែបញ្ចើចបញ្ចើមនុស្ស ដើម្បីផលប្រយោជន៍។
17. បងប្អូនជាទីស្រឡាញ់អើយ! ចូរនឹកចាំពីពាក្យដែលពួកសាវករបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងបានប្រាប់ជាមុនរួចហើយ។
18. ពួកគាត់បានប្រាប់អ្នករាល់គ្នាថា នៅគ្រាចុងក្រោយបំផុត នឹងមានមនុស្សចំអក ពួកគេរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់។
19. អ្នកទាំងនេះជាអ្នកធ្វើឲ្យមានការបែកបាក់ ជាមនុស្សខាងសាច់ឈាម ហើយគ្មានព្រះវិញ្ញាណទេ។
20. រីឯអ្នករាល់គ្នាវិញ បងប្អូនជាទីស្រឡាញ់អើយ! ចូរស្អាងខ្លួនឡើងនៅក្នុងជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ទាំងអធិស្ឋានក្នុងព្រះវិញ្ញាណបរិសុទ្ធចុះ
21. ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចុះ ទាំងទន្ទឹងរង់ចាំសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង សម្រាប់ជីវិតអស់កល្បជានិច្ច។
22. ចូរមេត្តាដល់អ្នកខ្លះដែលសង្ស័យ
23. ហើយជួយសង្គ្រោះអ្នកដទៃ ដោយឆក់យកពួកគេចេញពីភ្លើងផង។ ចូរមេត្តាដល់អ្នកខ្លះទៀត ទាំងភ័យខ្លាច ព្រមទាំងស្អប់ខ្ពើម សូម្បីតែអាវដែលស្មោកគ្រោកដោយសាររូបកាយរបស់គេ។
24. សូមឲ្យព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល និងបានដាក់អ្នករាល់គ្នាឲ្យនៅពីមុខសិរីរុងរឿងរបស់ព្រះអង្គដោយឥតបន្ទោសបាន និងដោយមានអំណរ