33. ព្រះអង្គក៏បណ្ដេញអារក្សនោះចេញ ឯមនុស្សគក៏អាចនិយាយបានវិញ ហើយបណ្ដាជនក៏នឹកអស្ចារ្យដោយនិយាយថា៖ «នៅអ៊ីស្រាអែល ពុំដែលកើតមានហេតុការណ៍ដូច្នេះសោះ»
34. ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ីបាននិយាយថា៖ «ម្នាក់នេះបណ្ដេញអារក្សដោយសារមេអារក្សទេ»។
35. ព្រះយេស៊ូយាងទៅគ្រប់ក្រុង និងភូមិទាំងអស់ បង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ហើយបានប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ ព្រមទាំងប្រោសជំងឺរោគាគ្រប់បែបយ៉ាងឲ្យបានជា។
36. ពេលឃើញបណ្ដាជន ព្រះអង្គអាណិតអាសូរពួកគេពន់ពេក ព្រោះពួកគេខ្ចាត់ព្រាត់ និងល្វើយ ដូចជាចៀមគ្មានអ្នកគង្វាល។
37. បន្ទាប់មក ព្រះអង្គមានបន្ទូលទៅសិស្សរបស់ព្រះអង្គថា៖ «ចម្រូតធំណាស់ ប៉ុន្ដែពួកអ្នកច្រូតមានតិច
38. ដូច្នេះ ចូរទូលសុំព្រះអម្ចាស់នៃចម្រូត ដើម្បីឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។