គម្ពីរសញ្ញាថ្មី

ម៉ាថាយ 9:30-38 Khmer Christian Bible (KCB)

30. ភ្នែក​របស់​ពួកគេ​ក៏​ភ្លឺ​ឡើង​ រួច​ព្រះយេស៊ូ​មាន​បន្ទូល​ហាម​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​ថា៖​ «ចូរ​ប្រយ័ត្ន!​ កុំ​ឲ្យ​នរណា​ម្នាក់​ដឹង​ឲ្យ​សោះ»​

31. ប៉ុន្ដែ​ពេល​អ្នក​ទាំង​ពីរ​នោះ​ចេញ​ទៅ​ ក៏​ផ្សព្វ​ផ្សាយ​ប្រាប់​គេ​ពី​ព្រះអង្គ​ពាស​ពេញ​តំបន់​នោះ​ទាំង​មូល។​

32. ពេល​អ្នក​ទាំង​ពីរ​នោះ​កំពុង​ចេញទៅ​ មើល៍​ មាន​គេ​នាំ​យក​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះអង្គ​

33. ព្រះអង្គ​ក៏​បណ្ដេញ​អារក្ស​នោះ​ចេញ​ ឯ​មនុស្ស​គ​ក៏​អាច​និយាយ​បាន​វិញ​ ហើយ​បណ្ដាជន​ក៏​នឹក​អស្ចារ្យ​ដោយ​និយាយ​ថា៖​ «នៅ​អ៊ីស្រាអែល​ ពុំ​ដែល​កើត​មាន​ហេតុ​ការណ៍​ដូច្នេះ​សោះ»​

34. ប៉ុន្ដែ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​និយាយ​ថា៖​ «ម្នាក់​នេះ​បណ្ដេញ​អារក្ស​ដោយសារ​មេអារក្ស​ទេ»។​

35. ព្រះយេស៊ូ​យាង​ទៅ​គ្រប់​ក្រុង​ និង​ភូមិ​ទាំង​អស់​ បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ហើយ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​ ព្រម​ទាំង​ប្រោស​ជំងឺ​រោគា​គ្រប់​បែប​យ៉ាង​ឲ្យ​បាន​ជា។​

36. ពេល​ឃើញ​បណ្ដាជន​ ព្រះអង្គ​អាណិត​អាសូរ​ពួកគេ​ពន់​ពេក​ ព្រោះ​ពួកគេ​ខ្ចាត់​ព្រាត់​ និង​ល្វើយ​ ដូច​ជា​ចៀម​គ្មាន​អ្នក​គង្វាល។​

37. បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ចម្រូត​ធំ​ណាស់​ ប៉ុន្ដែ​ពួក​អ្នក​ច្រូត​មាន​តិច​

38. ដូច្នេះ​ ចូរ​ទូល​សុំ​ព្រះអម្ចាស់​នៃ​ចម្រូត​ ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះអង្គ»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 9