គម្ពីរសញ្ញាថ្មី

ម៉ាថាយ 9:25-33 Khmer Christian Bible (KCB)

25. ពេល​បណ្ដេញ​បណ្ដាជន​ទៅ​ក្រៅ​អស់​ហើយ​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ចាប់​ដៃ​ក្មេង​ស្រី​នោះ​ ហើយ​នាង​ក៏​ក្រោក​ឡើង។​

26. ដំណឹង​នេះ​បាន​ឮ​សុស​សាយ​ពាស​ពេញ​តំបន់​នោះ។​

27. កាល​ព្រះយេស៊ូ​យាង​ចេញ​ឆ្ងាយ​ពី​ទីនោះ​ មាន​បុរស​ខ្វាក់​ភ្នែក​ពីរ​នាក់​ដើរ​តាម​ព្រះអង្គ​ ទាំង​ស្រែក​ថា៖​ «ឱ​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ដល់​យើង​ខ្ញុំ​ផង»។​

28. ពេល​យាង​ចូល​ដល់​ក្នុង​ផ្ទះ​ បុរស​ខ្វាក់​ភ្នែក​ទាំង​ពីរ​នាក់​បាន​ចូល​មក​ជិត​ព្រះអង្គ​ ហើយ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​ទាំង​ពីរ​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ដែរ​ឬទេ?»​ ពួកគេ​ទូល​ថា៖​ «បាទ​ លោក​ម្ចាស់»​

29. បន្ទាប់​មក​ ព្រះអង្គ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ​ ដោយ​មាន​បន្ទូល​ថា៖​ «សូម​ឲ្យបាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ទាំង​ពីរ​ចុះ»​

30. ភ្នែក​របស់​ពួកគេ​ក៏​ភ្លឺ​ឡើង​ រួច​ព្រះយេស៊ូ​មាន​បន្ទូល​ហាម​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​ថា៖​ «ចូរ​ប្រយ័ត្ន!​ កុំ​ឲ្យ​នរណា​ម្នាក់​ដឹង​ឲ្យ​សោះ»​

31. ប៉ុន្ដែ​ពេល​អ្នក​ទាំង​ពីរ​នោះ​ចេញ​ទៅ​ ក៏​ផ្សព្វ​ផ្សាយ​ប្រាប់​គេ​ពី​ព្រះអង្គ​ពាស​ពេញ​តំបន់​នោះ​ទាំង​មូល។​

32. ពេល​អ្នក​ទាំង​ពីរ​នោះ​កំពុង​ចេញទៅ​ មើល៍​ មាន​គេ​នាំ​យក​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះអង្គ​

33. ព្រះអង្គ​ក៏​បណ្ដេញ​អារក្ស​នោះ​ចេញ​ ឯ​មនុស្ស​គ​ក៏​អាច​និយាយ​បាន​វិញ​ ហើយ​បណ្ដាជន​ក៏​នឹក​អស្ចារ្យ​ដោយ​និយាយ​ថា៖​ «នៅ​អ៊ីស្រាអែល​ ពុំ​ដែល​កើត​មាន​ហេតុ​ការណ៍​ដូច្នេះ​សោះ»​

សូមអានជំពូកពេញលេញ ម៉ាថាយ 9