14. បន្ទាប់មក សិស្សរបស់លោកយ៉ូហានបានចូលមកជិតព្រះអង្គ ទូលថា៖ «ហេតុអ្វីក៏យើងខ្ញុំ និងពួកអ្នកខាងគណៈផារិស៊ីតមអាហារជាញឹកញាប់ តែសិស្សរបស់លោកមិនតមអាហារដូច្នេះ?»
15. ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចកាន់ទុក្ខបានដែរឬទេ នៅពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្ដែនឹងមានថ្ងៃមួយមកដល់ ពេលកូនកំលោះត្រូវឃ្លាតពីពួកគេទៅ ពេលនោះពួកគេនឹងតមអាហារ។
16. ព្រោះគ្មាននរណាយកបំណះក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ទេ ដ្បិតបំណះក្រណាត់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់នោះ ហើយបែរជាធ្វើឲ្យរហែកលើសមុនទៅទៀត
17. ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកចាស់នឹងធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតទៀត ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីក្នុងថង់ស្បែកថ្មី នោះទើបអាចនៅគង់វង្សបានទាំងពីរ»។
18. ពេលព្រះអង្គមានបន្ទូលពីសេចក្តីទាំងនេះ ស្រាប់តែប្រធានសាលាប្រជុំម្នាក់បានមកថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីខ្ញុំទើបតែស្លាប់ ដូច្នេះសូមលោកទៅដាក់ដៃលើនាងឲ្យរស់ឡើងវិញផង»។
19. ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គក៏ក្រោកឡើងទៅតាមគាត់។
20. មានស្ដ្រីម្នាក់ឈឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ គាត់បានចូលមកជិតពីខាងក្រោយ ហើយពាល់រំយោលអាវរបស់ព្រះអង្គ
21. ដ្បិតស្ដ្រីនោះគិតក្នុងចិត្ដថា៖ «បើខ្ញុំគ្រាន់តែបានពាល់អាវរបស់លោក នោះខ្ញុំនឹងជាសះស្បើយមិនខាន»។
22. ព្រះយេស៊ូក៏ងាកមើលស្ដ្រីនោះ ហើយមានបន្ទូលថា៖ «កូនស្រីអើយ! ចូររីករាយឡើង ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ស្ដ្រីនោះក៏ជាសះស្បើយនៅវេលានោះឯង។
23. កាលព្រះយេស៊ូយាងចូលក្នុងផ្ទះរបស់ប្រធានសាលាប្រជុំ ក៏មើលឃើញអ្នកផ្លុំខ្លុយ និងបណ្ដាជនកំពុងច្របូកច្របល់។
24. ព្រះអង្គមានបន្ទូលថា៖ «ចេញទៅ ក្មេងស្រីនេះមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ» ពួកគេក៏សើចចំអកឲ្យព្រះអង្គ។
25. ពេលបណ្ដេញបណ្ដាជនទៅក្រៅអស់ហើយ ព្រះអង្គក៏យាងចូលទៅចាប់ដៃក្មេងស្រីនោះ ហើយនាងក៏ក្រោកឡើង។
26. ដំណឹងនេះបានឮសុសសាយពាសពេញតំបន់នោះ។
27. កាលព្រះយេស៊ូយាងចេញឆ្ងាយពីទីនោះ មានបុរសខ្វាក់ភ្នែកពីរនាក់ដើរតាមព្រះអង្គ ទាំងស្រែកថា៖ «ឱពូជពង្សដាវីឌអើយ! សូមមេត្ដាដល់យើងខ្ញុំផង»។