គម្ពីរសញ្ញាថ្មី

ម៉ាថាយ 8:20-34 Khmer Christian Bible (KCB)

20. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ តែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»​

21. សិស្ស​របស់​ព្រះអង្គ​ម្នាក់​ទៀត​បាន​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​ខ្ញុំ​ជា​មុន​សិន»​

22. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ​ ហើយ​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​គ្នា​គេ​ចុះ»។​

23. ព្រះអង្គ​បាន​យាង​ចុះ​ទូក​ ហើយ​សិស្ស​របស់​ព្រះអង្គ​បាន​តាម​ព្រះអង្គ។​

24. ពេល​នោះ​ កើត​មាន​ព្យុះ​មួយ​យ៉ាង​ធំ​នៅ​លើ​បឹង​ ហើយ​រលក​បាន​បោក​បក់​គ្រប​លើ​ទូក​ ប៉ុន្ដែ​ព្រះអង្គ​កំពុង​លង់​លក់​ក្នុង​ដំណេក​

25. គេ​បាន​ចូល​មក​ជិត​ព្រះអង្គ​ ដាស់​ថា៖​ «ព្រះអម្ចាស់!​ ជួយ​ផង​ យើង​កំពុង​វិនាស​ហើយ!»​

26. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ឱ​អ្នក​មាន​ជំនឿ​តិច​អើយ!​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ភ័យ​ខ្លាច​ដូច្នេះ?»​ ព្រះអង្គ​ក៏​ក្រោក​ឡើង​ ស្ដី​បន្ទោស​ខ្យល់​ និង​រលក​ នោះ​បឹង​ក៏​មាន​ភាព​ស្ងប់​ឈឹង​វិញ។​

27. ពួកគេ​នឹក​អស្ចារ្យ​ ទាំង​និយាយ​ថា៖​ «តើ​លោក​នេះ​ជា​មនុស្ស​បែប​ណា​ហ្ន៎!​ សូម្បី​តែ​ខ្យល់​ និង​រលក​ក៏​ស្ដាប់​បង្គាប់​លោក»។​

28. កាល​ព្រះអង្គ​យាង​មក​ដល់​ត្រើយ​ម្ខាង​ ជា​តំបន់​របស់​ពួក​គេរ៉ាស៊ីន​ នោះ​មាន​បុរស​ពីរ​នាក់​ដែល​មាន​អារក្ស​ចូល​បាន​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះអង្គ​ ពួកវា​កាច​សាហាវ​ណាស់​ ដូច្នេះ​ហើយ​បាន​ជា​គ្មាន​អ្នកណា​អាច​ឆ្លង​កាត់​តាម​ផ្លូវ​នោះ​បាន​ឡើយ​

29. ពួកវា​ស្រែក​ឡើង​ថា៖​ «ឱ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​អើយ!​ តើ​យើង​ និង​ព្រះអង្គ​មាន​ហេតុ​អ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​ទី​នេះ​ ដើម្បី​ធ្វើ​ទោស​យើង​មុន​ពេល​កំណត់​ឬ?»

30. នៅ​មិន​ឆ្ងាយ​ពី​ទី​នោះ​ប៉ុន្មាន​ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​ស៊ី​ចំណី​

31. ពេល​នោះ​ ពួក​អារក្ស​បាន​អង្វរ​ព្រះ​អង្គ​ថា៖​ «បើ​ព្រះអង្គ​បណ្ដេញ​យើង​ សូម​បញ្ជូន​យើង​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ»​

32. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកវា​ថា៖​ «ចេញ​ទៅ!»​ ពួកវា​ក៏​ចេញ​ ហើយ​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ។​ ហ្វូង​ជ្រូក​បាន​បោល​ចុះ​ចំណោត​ចូល​ទៅ​ក្នុង​បឹង​ ហើយ​ស្លាប់​ក្នុង​ទឹក​អស់​ទៅ។​

33. ពួក​អ្នក​ចិញ្ចឹម​ជ្រូក​បាន​រត់​គេច​ចូល​ទៅ​ក្នុង​ក្រុង​ ហើយ​រៀបរាប់​ប្រាប់​គេ​អំពី​ហេតុ​ការណ៍​ទាំង​អស់​ និង​ហេតុ​ការណ៍​អំពី​បុរស​ដែល​មាន​អារក្ស​ចូល​ផង​ដែរ​

34. ពួក​អ្នក​ក្រុង​ទាំង​អស់​បាន​ចេញ​មក​ជួប​ព្រះយេស៊ូ​ ពេល​ឃើញ​ព្រះអង្គ​ ពួកគេ​បាន​អង្វរ​ព្រះអង្គ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ពួកគេ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 8