គម្ពីរសញ្ញាថ្មី

ម៉ាថាយ 8:13-31 Khmer Christian Bible (KCB)

13. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាយ​ទាហាន​នោះ​ថា៖​ «ចូរ​ទៅ​ចុះ​ សូម​ឲ្យ​បាន​សម្រេច​ដូច​ដែល​លោក​ជឿ»​ ឯ​បាវបម្រើ​របស់​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។​

14. កាល​ព្រះយេស៊ូ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​ពេត្រុស​ ព្រះអង្គ​បាន​ទត​ឃើញ​ម្ដាយ​ក្មេក​របស់​គាត់​កំពុង​ដេក​គ្រុន​

15. ព្រះអង្គ​ពាល់​ដៃ​គាត់​ គាត់​ក៏​បាន​ជា​ពី​គ្រុន​ ហើយ​ក្រោក​ឡើង​បម្រើ​ព្រះអង្គ។​

16. នៅ​ល្ងាច​នោះ​ គេ​បាន​នាំ​មនុស្ស​ជា​ច្រើន​ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​បណ្ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​ព្រះ​បន្ទូល​ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា​

17. ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​ថ្លែង​ទុក​មក​តាមរយៈ​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា​ «ព្រះអង្គ​បាន​ទទួល​យក​ជំងឺ​ ហើយ​ផ្ទុក​យក​គ្រប់​រោគា​របស់​យើង»។​

18. ពេល​ព្រះយេស៊ូ​ទត​ឃើញ​មនុស្ស​កុះករ​នៅ​ជុំវិញ​ព្រះអង្គ​ ព្រះអង្គ​ក៏​បង្គាប់​ពួក​សិស្ស​ឲ្យ​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត។​

19. មាន​គ្រូវិន័យ​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «លោកគ្រូ​ ខ្ញុំ​នឹង​ដើរ​តាម​លោក​ ទោះ​លោក​ទៅ​ទី​ណា​ក៏​ដោយ»។​

20. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ តែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»​

21. សិស្ស​របស់​ព្រះអង្គ​ម្នាក់​ទៀត​បាន​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​ខ្ញុំ​ជា​មុន​សិន»​

22. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ​ ហើយ​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​គ្នា​គេ​ចុះ»។​

23. ព្រះអង្គ​បាន​យាង​ចុះ​ទូក​ ហើយ​សិស្ស​របស់​ព្រះអង្គ​បាន​តាម​ព្រះអង្គ។​

24. ពេល​នោះ​ កើត​មាន​ព្យុះ​មួយ​យ៉ាង​ធំ​នៅ​លើ​បឹង​ ហើយ​រលក​បាន​បោក​បក់​គ្រប​លើ​ទូក​ ប៉ុន្ដែ​ព្រះអង្គ​កំពុង​លង់​លក់​ក្នុង​ដំណេក​

25. គេ​បាន​ចូល​មក​ជិត​ព្រះអង្គ​ ដាស់​ថា៖​ «ព្រះអម្ចាស់!​ ជួយ​ផង​ យើង​កំពុង​វិនាស​ហើយ!»​

26. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ឱ​អ្នក​មាន​ជំនឿ​តិច​អើយ!​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ភ័យ​ខ្លាច​ដូច្នេះ?»​ ព្រះអង្គ​ក៏​ក្រោក​ឡើង​ ស្ដី​បន្ទោស​ខ្យល់​ និង​រលក​ នោះ​បឹង​ក៏​មាន​ភាព​ស្ងប់​ឈឹង​វិញ។​

27. ពួកគេ​នឹក​អស្ចារ្យ​ ទាំង​និយាយ​ថា៖​ «តើ​លោក​នេះ​ជា​មនុស្ស​បែប​ណា​ហ្ន៎!​ សូម្បី​តែ​ខ្យល់​ និង​រលក​ក៏​ស្ដាប់​បង្គាប់​លោក»។​

28. កាល​ព្រះអង្គ​យាង​មក​ដល់​ត្រើយ​ម្ខាង​ ជា​តំបន់​របស់​ពួក​គេរ៉ាស៊ីន​ នោះ​មាន​បុរស​ពីរ​នាក់​ដែល​មាន​អារក្ស​ចូល​បាន​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះអង្គ​ ពួកវា​កាច​សាហាវ​ណាស់​ ដូច្នេះ​ហើយ​បាន​ជា​គ្មាន​អ្នកណា​អាច​ឆ្លង​កាត់​តាម​ផ្លូវ​នោះ​បាន​ឡើយ​

29. ពួកវា​ស្រែក​ឡើង​ថា៖​ «ឱ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​អើយ!​ តើ​យើង​ និង​ព្រះអង្គ​មាន​ហេតុ​អ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​ទី​នេះ​ ដើម្បី​ធ្វើ​ទោស​យើង​មុន​ពេល​កំណត់​ឬ?»

30. នៅ​មិន​ឆ្ងាយ​ពី​ទី​នោះ​ប៉ុន្មាន​ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​ស៊ី​ចំណី​

31. ពេល​នោះ​ ពួក​អារក្ស​បាន​អង្វរ​ព្រះ​អង្គ​ថា៖​ «បើ​ព្រះអង្គ​បណ្ដេញ​យើង​ សូម​បញ្ជូន​យើង​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ»​

សូមអានជំពូកពេញលេញ ម៉ាថាយ 8