គម្ពីរសញ្ញាថ្មី

ម៉ាថាយ 6:19-34 Khmer Christian Bible (KCB)

19. ចូរ​កុំ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ផែនដី​ឲ្យ​សោះ​ ដ្បិត​ជា​កន្លែង​ដែល​មាន​កណ្ដៀរ​ និង​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ផង​

20. ដូច្នេះ​ ចូរ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ស្ថានសួគ៌​ ដ្បិត​ជា​កន្លែង​គ្មាន​កណ្ដៀរ​ គ្មាន​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ក៏​ជា​កន្លែង​គ្មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ដែរ​

21. ដ្បិត​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា​ ចិត្ដ​របស់​អ្នក​ក៏​នៅ​ទីនោះ​ដែរ‍។​

22. ភ្នែក​ជា​ចង្កៀង​នៃ​រូបកាយ​ ដូច្នេះ​បើ​ភ្នែក​របស់​អ្នក​ភ្លឺ​ល្អ​ នោះ​រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ភ្លឺ​ដែរ​

23. ប៉ុន្ដែ​បើ​ភ្នែក​របស់​អ្នក​មិន​ល្អ​ នោះ​រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ត្រលប់​ជា​ងងឹត​សូន្យ​សុង​ ហើយ​បើ​ពន្លឺ​ក្នុង​ខ្លួន​របស់​អ្នក​ជា​សេចក្ដី​ងងឹត​ទៅ​ហើយ​ ចុះ​សេចក្ដី​ងងឹត​នឹង​ទៅ​ជា​សូន្យ​សុង​យ៉ាង​ណា​ទៅ​ទៀត!​

24. គ្មាន​អ្នកណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ​ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ​ ស្រឡាញ់​មួយ​ ឬ​ស្មោះ​ត្រង់​នឹង​មួយ​ ហើយ​មើល​ងាយ​មួយ​ទៀត‍។​ អ្នក​រាល់គ្នា​មិន​អាច​បម្រើ​ព្រះជាម្ចាស់​ផង​ បម្រើ​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ‍។​

25. ដូច្នេះ​ ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ថា​ កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត​ និង​អ្វី​ដែល​ត្រូវ​បរិភោគ​ ឬ​ផឹក​នោះ​ឡើយ​ ហើយ​ក៏​កុំ​ខ្វល់​ខ្វាយ​នឹង​រូប​កាយ​ថា​ត្រូវ​ស្លៀក​ពាក់​អ្វី​ដែរ​ តើ​ជីវិត​មិន​វិសេស​ជាង​អាហារ​ ហើយ​រូប​កាយ​មិន​វិសេស​ជាង​សម្លៀក​បំពាក់​ទេ​ឬ?​

26. ចូរ​មើល​សត្វ​ស្លាប​លើ​មេឃ​ ដ្បិត​ពួកវា​មិន​បាន​សាប​ព្រោះ​ ឬ​ច្រូត​កាត់​ប្រមូល​ផល​ដាក់​ជង្រុក​ទេ​ ប៉ុន្ដែ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ចិញ្ចឹម​ពួកវា​ តើ​អ្នក​រាល់គ្នា​គ្មាន​តម្លៃ​លើស​ពួកវា​ទេ​ឬ?​

27. ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តើ​អ្នក​ដែល​ខ្វល់​ខ្វាយ​អាច​បន្ថែម​កំពស់​ខ្លួន​ឯង​បាន​មួយ​ហត្ថ​ដែរ​ឬ​ទេ?​

28. ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ខ្វល់​ខ្វាយ​នឹង​សម្លៀក​បំពាក់​យ៉ាង​ដូច្នេះ?​ ចូរ​សង្កេត​មើល​ផ្កា​ព្រៃ​នៅ​តាម​វាល​ ពួកវា​ដុះ​ឡើង​យ៉ាង​ដូច​ម្ដេច​ ពួកវា​មិន​ធ្វើការ​ ឬ​ត្បាញ​រវៃ​អ្វី​ឡើយ​

29. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សូម្បី​តែ​ស្ដេច​សាឡូម៉ូន​ដែល​មាន​សិរី​រុងរឿង​គ្រប់​យ៉ាង​ក៏​ស្លៀកពាក់​មិន​បាន​ស្អាត​ ដូច​ជា​ផ្កា​មួយ​ទង​ក្នុង​ចំណោម​ផ្កា​ទាំង​នេះ​ផង។​

30. បើ​ព្រះជាម្ចាស់​តុបតែង​ស្មៅ​នៅ​តាម​វាល​ដែល​ដុះ​នៅ​ថ្ងៃ​នេះ​ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​យ៉ាង​នោះ​ទៅ​ហើយ​ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ!​ តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​វិសេស​ជាង​នោះ​ទេ​ឬ?​

31. ដូច្នេះ​កុំ​ខ្វល់​ខ្វាយ​ថា​ ត្រូវ​បរិភោគ​អ្វី​ ផឹក​អ្វី​ ឬ​ស្លៀកពាក់​អ្វី​ឡើយ​

32. ដ្បិត​សាសន៍​ដទៃ​ស្វែង​រក​របស់​ទាំង​អស់​នេះ​ ឯ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ជ្រាប​ថា​ អ្នក​រាល់គ្នា​ក៏​ត្រូវការ​របស់​ទាំង​អស់​នេះ​ដែរ។​

33. ចូរ​ស្វែង​រក​នគរ​ព្រះជាម្ចាស់​ និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​ជា​មុន​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​គ្រប់​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​

34. ដូច្នេះ​ ចូរ​កុំ​ខ្វល់​ខ្វាយ​ពី​ថ្ងៃ​ស្អែក​ឡើយ​ រឿង​ថ្ងៃ​ស្អែក​ចាំ​គិត​ថ្ងៃ​ស្អែក​ ដ្បិត​បញ្ហា​មួយ​ថ្ងៃៗ​ល្មម​គ្រប់​គ្រាន់​ហើយ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 6