គម្ពីរសញ្ញាថ្មី

ម៉ាថាយ 6:17-25 Khmer Christian Bible (KCB)

17. ដូច្នេះ​នៅ​ពេល​អ្នក​តម​អាហារ​ ចូរ​លុប​លាង​មុខ​ ហើយ​លាប​ប្រេង​លើ​ក្បាល​ចុះ​

18. ដើម្បី​កុំ​ឲ្យ​អ្នក​បង្ហាញ​ដល់​មនុស្ស​ថា​ អ្នក​កំពុង​តម​អាហារ​ ប៉ុន្ដែ​បង្ហាញ​ដល់​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​វិញ​ ហើយ​ព្រះវរបិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​

19. ចូរ​កុំ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ផែនដី​ឲ្យ​សោះ​ ដ្បិត​ជា​កន្លែង​ដែល​មាន​កណ្ដៀរ​ និង​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ផង​

20. ដូច្នេះ​ ចូរ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ស្ថានសួគ៌​ ដ្បិត​ជា​កន្លែង​គ្មាន​កណ្ដៀរ​ គ្មាន​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ក៏​ជា​កន្លែង​គ្មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ដែរ​

21. ដ្បិត​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា​ ចិត្ដ​របស់​អ្នក​ក៏​នៅ​ទីនោះ​ដែរ‍។​

22. ភ្នែក​ជា​ចង្កៀង​នៃ​រូបកាយ​ ដូច្នេះ​បើ​ភ្នែក​របស់​អ្នក​ភ្លឺ​ល្អ​ នោះ​រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ភ្លឺ​ដែរ​

23. ប៉ុន្ដែ​បើ​ភ្នែក​របស់​អ្នក​មិន​ល្អ​ នោះ​រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ត្រលប់​ជា​ងងឹត​សូន្យ​សុង​ ហើយ​បើ​ពន្លឺ​ក្នុង​ខ្លួន​របស់​អ្នក​ជា​សេចក្ដី​ងងឹត​ទៅ​ហើយ​ ចុះ​សេចក្ដី​ងងឹត​នឹង​ទៅ​ជា​សូន្យ​សុង​យ៉ាង​ណា​ទៅ​ទៀត!​

24. គ្មាន​អ្នកណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ​ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ​ ស្រឡាញ់​មួយ​ ឬ​ស្មោះ​ត្រង់​នឹង​មួយ​ ហើយ​មើល​ងាយ​មួយ​ទៀត‍។​ អ្នក​រាល់គ្នា​មិន​អាច​បម្រើ​ព្រះជាម្ចាស់​ផង​ បម្រើ​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ‍។​

25. ដូច្នេះ​ ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ថា​ កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត​ និង​អ្វី​ដែល​ត្រូវ​បរិភោគ​ ឬ​ផឹក​នោះ​ឡើយ​ ហើយ​ក៏​កុំ​ខ្វល់​ខ្វាយ​នឹង​រូប​កាយ​ថា​ត្រូវ​ស្លៀក​ពាក់​អ្វី​ដែរ​ តើ​ជីវិត​មិន​វិសេស​ជាង​អាហារ​ ហើយ​រូប​កាយ​មិន​វិសេស​ជាង​សម្លៀក​បំពាក់​ទេ​ឬ?​

សូមអានជំពូកពេញលេញ ម៉ាថាយ 6