1. ប៉ុន្ដែចូរប្រយ័ត្ន កុំបង្ហាញសេចក្ដីសុចរិតរបស់អ្នករាល់គ្នានៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញប៉ុណ្ណោះ បើមិនដូច្នោះទេ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌នោះឡើយ។
2. ដូច្នេះ ពេលអ្នកចែកទាន ចូរកុំផ្លុំត្រែ ដើម្បីចេញមុខ ដូចជាពួកមនុស្សមានពុតបានធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យគេសរសើរខ្លួននោះទេ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ។
3. ប៉ុន្ដែពេលអ្នកចែកទាន ចូរកុំឲ្យដៃឆ្វេងរបស់អ្នកដឹងការដែលដៃស្ដាំរបស់អ្នកធ្វើឡើយ
4. ដើម្បីឲ្យការចែកទានរបស់អ្នកស្ងាត់កំបាំង ហើយព្រះវរបិតាដែលទតឃើញនៅទីស្ងាត់កំបាំង នឹងប្រទានរង្វាន់ដល់អ្នក។
5. នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរកុំធ្វើដូចជាពួកមនុស្សមានពុត ព្រោះពួកគេចូលចិត្ដឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងទីសាធារណៈ ដើម្បីឲ្យគេមើលឃើញ ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ
6. ផ្ទុយទៅវិញ ពេលអ្នកអធិស្ឋាន ចូរទៅក្នុងបន្ទប់ស្ងាត់ បិទទ្វារ ហើយអធិស្ឋានទៅព្រះវរបិតាដែលគង់នៅទីស្ងាត់កំបាំង នោះព្រះវរបិតាដែលទតឃើញនៅទីស្ងាត់កំបាំងនឹងប្រទានរង្វាន់ដល់អ្នក។
7. ហើយនៅពេលអធិស្ឋាន ចូរកុំនិយាយប៉ប៉ាច់ប៉ប៉ោចដូចសាសន៍ដទៃ ព្រោះគេគិតថា ព្រះរបស់គេឮសំដីដ៏ហូរហៀររបស់គេ។
8. ដូច្នេះ កុំធ្វើដូចពួកគេឡើយ ដ្បិតព្រះវរបិតាជ្រាបពីសេចក្ដីត្រូវការរបស់អ្នករាល់គ្នា មុនអ្នករាល់គ្នាទូលសុំទៅទៀត។
9. ដូច្នេះ ចូរអ្នករាល់គ្នាអធិស្ឋានដូចនេះថា «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមរបស់ព្រះអង្គបានបរិសុទ្ធ
10. សូមឲ្យរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
11. សូមប្រទានអាហារប្រចាំថ្ងៃដល់យើងខ្ញុំនៅថ្ងៃនេះ។
12. សូមលើកលែងទោសកំហុសយើងខ្ញុំ ដូចជាយើងខ្ញុំបានលើកលែងទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។
13. សូមកុំបណ្ដោយយើងខ្ញុំឲ្យទៅក្នុងសេចក្ដីល្បួង ប៉ុន្ដែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីអាក្រក់វិញ [ដ្បិតរាជ្យ ព្រះចេស្ដា និងសិរីល្អជារបស់ព្រះអង្គនៅអស់កល្បជានិច្ច អាម៉ែន]»។
14. ដ្បិតបើអ្នករាល់គ្នាលើកលែងទោសកំហុសដល់មនុស្ស នោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌នឹងលើកលែងទោសដល់អ្នករាល់គ្នាដែរ
15. ប៉ុន្ដែ បើអ្នករាល់គ្នាមិនលើកលែងទោសដល់មនុស្សទេ នោះព្រះវរបិតារបស់អ្នករាល់គ្នា ក៏មិនលើកលែងទោសកំហុសរបស់អ្នករាល់គ្នាដែរ។
16. នៅពេលអ្នករាល់គ្នាតមអាហារ ចូរកុំធ្វើមុខក្រៀមដូចជាពួកមនុស្សមានពុតឲ្យសោះ ពួកគេបង្ហាញទឹកមុខស្រពោន ដើម្បីឲ្យមនុស្សមើលឃើញថា ពួកគេកំពុងតមអាហារ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា ពួកគេមានរង្វាន់របស់ពួកគេហើយ។
17. ដូច្នេះនៅពេលអ្នកតមអាហារ ចូរលុបលាងមុខ ហើយលាបប្រេងលើក្បាលចុះ