គម្ពីរសញ្ញាថ្មី

ម៉ាថាយ 5:6-21 Khmer Christian Bible (KCB)

6. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។​

7. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​មានចិត្ដ​មេត្ដា​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ទទួល​សេចក្ដី​មេត្ដា។​

8. មាន​ពរ​ហើយ​ អស់​អ្នក​មាន​ចិត្ដ​បរិសុទ្ធ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះជាម្ចាស់។​

9. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ផ្សះផ្សាគេ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះជាម្ចាស់។​

10. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន​ដោយ​ព្រោះ​តែ​សេចក្ដី​សុចរិត​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​អ្នក​ទាំង​នោះ។​

11. អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ក្នុង​កាល​ដែល​គេ​ជេរ​ បៀតបៀន​ និយាយ​អាក្រក់​បង្ខូច​អ្នក​រាល់គ្នា​គ្រប់​បែប​យ៉ាង​ដោយ​ព្រោះ​ខ្ញុំ‍។​

12. ចូរ​មាន​អំណរ​ ហើយ​រីករាយ​ជាខ្លាំង​ឡើង​ ដ្បិត​អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ‍​ស្ថានសួគ៌​ ព្រោះ​គេ​បាន​បៀតបៀន​អ្នក​នាំ​ព្រះបន្ទូល​ដែល​នៅ​មុន​អ្នក​រាល់គ្នា​បែប​ដូច្នោះ​ដែរ។​

13. អ្នក​រាល់គ្នា​ជា​អំបិល​នៃ​ផែនដី​ ប៉ុន្ដែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​វិញ​បាន?​ វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ​ មាន​តែ​បោះ​ចោល​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ​

14. អ្នក​រាល់គ្នា​ជា​ពន្លឺ​នៃ​លោកិយ​ ទី​ក្រុង​ដែល​តាំង​នៅ​លើ​ភ្នំ​មិន​អាច​លាក់​បាំង​បាន​ទេ​

15. ក៏​គ្មាន​អ្នកណា​អុជ​ចង្កៀង​ដាក់​នៅ​ក្រោម​ថាំង​ដែរ​ គឺ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​ភ្លឺ​ដល់​មនុស្ស​ទាំងអស់​នៅ​ក្នុង​ផ្ទះ។​

16. ចូរ​ឲ្យ​ពន្លឺ​អ្នក​រាល់គ្នា​ភ្លឺ​នៅ​ចំពោះ​មុខ​មនុស្ស​យ៉ាង​នោះ​ដែរ​ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់គ្នា​ រួច​សរសើរ​តម្កើង​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​។​

17. កុំ​គិត​ថា​ ខ្ញុំ​មក​បំផ្លាញ​គម្ពីរ​វិន័យ​ ឬ​ពាក្យ​របស់​អ្នក​នាំ​ព្រះបន្ទូល​ឲ្យ​សោះ​ ខ្ញុំ​មិន​មែន​មក​បំផ្លាញ​ទេ​ ប៉ុន្ដែ​ខ្ញុំ​មក​ធ្វើ​ឲ្យ​សម្រេច​វិញ​

18. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ រហូត​ដល់​ផ្ទៃ​មេឃ​ និង​ផែនដី​វិនាស​ទៅ​ ក៏​គ្មាន​សញ្ញា​ក្បៀស​ ឬ​សញ្ញា​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ​វិន័យ​ត្រូវ​លុប​បំបាត់​ចោល​ដែរ​ លុះត្រា​តែ​អ្វីៗ​បាន​សម្រេច​ជា​មុន​សិន។​

19. ដូច្នេះ​ អ្នកណា​ល្មើស​បញ្ញត្ដិ​តូច​បំផុត​មួយ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​នេះ​ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ អ្នក​នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​តូច​បំផុត​នៅ​ក្នុង​នគរ​ស្ថានសួគ៌​ ប៉ុន្ដែ​អ្នកណា​ដែល​អនុវត្ដ​តាម​ និង​បង្រៀន​បញ្ញត្ដិ​ទាំង​នេះ​ អ្នក​នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​ធំ​នៅក្នុង​នគរ​ស្ថានសួគ៌។​

20. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​ មិន​លើស​សេចក្ដី​សុចរិត​របស់​ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ចូល​នគរ​ស្ថានសួគ៌​បាន​ឡើយ។​

21. អ្នក​រាល់គ្នា​បាន​ឮសេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់​មុន​ថា​ កុំ​សម្លាប់​មនុស្ស​ឲ្យ​សោះ​ អ្នកណា​សម្លាប់​មនុស្ស​ អ្នក​នោះ​នឹង​ត្រូវ​ជាប់​ទោស​

សូមអានជំពូកពេញលេញ ម៉ាថាយ 5