1. កាលបានឃើញបណ្ដាជន ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយចុះ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គ
2. រួចព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេថា៖
3. «មានពរហើយ អស់អ្នកដែលមានសេចក្ដីកម្សត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
4. មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងទទួលការកម្សាន្ដចិត្ដ។
5. មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងបានផែនដីជាមរតក។
6. មានពរហើយ អស់អ្នកដែលស្រេកឃ្លានសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។
7. មានពរហើយ អស់អ្នកដែលមានចិត្ដមេត្ដា ដ្បិតអ្នកទាំងនោះនឹងទទួលសេចក្ដីមេត្ដា។
8. មានពរហើយ អស់អ្នកមានចិត្ដបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះជាម្ចាស់។
9. មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងត្រូវបានហៅថាជាកូនរបស់ព្រះជាម្ចាស់។
10. មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀនដោយព្រោះតែសេចក្ដីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
11. អ្នករាល់គ្នាមានពរហើយ ក្នុងកាលដែលគេជេរ បៀតបៀន និយាយអាក្រក់បង្ខូចអ្នករាល់គ្នាគ្រប់បែបយ៉ាងដោយព្រោះខ្ញុំ។
12. ចូរមានអំណរ ហើយរីករាយជាខ្លាំងឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ព្រោះគេបានបៀតបៀនអ្នកនាំព្រះបន្ទូលដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរ។
13. អ្នករាល់គ្នាជាអំបិលនៃផែនដី ប៉ុន្ដែបើអំបិលបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យប្រៃវិញបាន? វាគ្មានប្រយោជន៍អ្វីទៀតទេ មានតែបោះចោលឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ
14. អ្នករាល់គ្នាជាពន្លឺនៃលោកិយ ទីក្រុងដែលតាំងនៅលើភ្នំមិនអាចលាក់បាំងបានទេ
15. ក៏គ្មានអ្នកណាអុជចង្កៀងដាក់នៅក្រោមថាំងដែរ គឺដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យភ្លឺដល់មនុស្សទាំងអស់នៅក្នុងផ្ទះ។
16. ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។