គម្ពីរសញ្ញាថ្មី

ម៉ាថាយ 3:3-17 Khmer Christian Bible (KCB)

3. ដ្បិត​អ្នក​នេះ​ហើយ​ ដែល​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា៖​​ «មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ»។​

4. លោក​យ៉ូហាន​មាន​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ​ និង​ខ្សែ​ក្រវាត់​ស្បែក​នៅ​នឹង​ចង្កេះ​ ហើយ​គាត់​បរិភោគ​កណ្ដូប​ និង​ទឹកឃ្មុំ​ព្រៃ​ជា​អាហារ‍។​

5. បន្ទាប់​មក​មនុស្ស​ពី​ក្រុង​យេរូសាឡិម​ ពី​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា​ និង​ស្រុក​ទាំងអស់​នៅ​ជុំវិញ​អូរយ័រដាន់​ បាន​ចេញ​មក​រក​គាត់​

6. ហើយ​គេ​បាន​ទទួល​សារភាព​បាប​របស់​ខ្លួន​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ក្នុង​អូរ​យ័រដាន់‍។​

7. ប៉ុន្ដែ​ពេល​ឃើញ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ គាត់​ក៏​និយាយ​ទៅ​គេ​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​អ្នក​រាល់គ្នា​ឲ្យ​រត់​គេច​ពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​

8. ហេតុ​នេះ​ ចូរ​បង្កើត​ផលផ្លែ​ឲ្យ​ស័ក្តិសម​នឹង​ការ​ប្រែចិត្ដ​ចុះ​

9. ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ‍។​

10. ឯ​ពូថៅ​នៅ​នឹង​គល់​ឈើ​រួច​ជា​ស្រេច​ ដូច្នេះ​ រាល់​ដើម​ឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​នឹង​ត្រូវ​កាប់​បោះ​ទៅ​ក្នុង​ភ្លើង​

11. ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែចិត្ដ​ ប៉ុន្ដែ​ព្រះអង្គ​ដែល​មក​ក្រោយ​ខ្ញុំ​ មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្តិសម​នឹង​ដោះ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ​

12. ព្រះអង្គ​កាន់​ចង្អេរ​ក្នុង​ព្រះហស្ដ​ ហើយ​ព្រះអង្គ​នឹង​សំអាត​ទីលាន​បោក​ស្រូវ​របស់​ព្រះអង្គ​ ព្រះអង្គ​នឹង​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​ ប៉ុន្ដែ​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ដោយ​ភ្លើង​ដែល​មិនចេះរលត់»។​

13. បន្ទាប់​មក​ ព្រះយេស៊ូ​យាង​ពី​ស្រុក​កាលីឡេ​មក​រក​លោក​យ៉ូហាន​នៅ​អូរ​យ័រដាន់​ ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក​ពី​គាត់​

14. ប៉ុន្ដែ​លោក​យ៉ូហាន​បាន​ព្យាយាម​ឃាត់​ព្រះអង្គ​ដោយ​ទូល​ថា៖​ «ខ្ញុំ​ត្រូវការ​ទទួល​ពិធី​ជ្រមុជទឹក​ពី​លោក​ ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ​ដូច្នេះ?»​

15. ប៉ុន្ដែ​ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ចូរ​ធ្វើ​ឥឡូវនេះ​ចុះ​ ដ្បិត​នេះ​ជា​ការ​សមគួរ​ ដើម្បី​ឲុ្យ​យើង​សម្រេច​តាម​គ្រប់​សេចក្ដី​សុចរិត​ទាំងអស់»​ គាត់​ក៏​យល់ព្រម​នឹង​ព្រះអង្គ។​

16. កាល​ព្រះយេស៊ូ​បាន​ទទួល​ពិធី​ជ្រមុជទឹក​រួច​ ភ្លាម​នោះ​ព្រះអង្គ​ក៏​ឡើង​ពី​ទឹក​មក​ ស្រាប់​តែ​មេឃ​បើក​ចំហ​នៅ​ចំពោះ​ព្រះអង្គ​ ហើយ​ព្រះអង្គ​ឃើញ​ព្រះវិញ្ញាណ​ព្រះជាម្ចាស់​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ដូចជា​សត្វ​ព្រាប​

17. នោះ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 3