1. នៅគ្រានោះ លោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក បានមកប្រកាសនៅទីរហោឋានក្នុងស្រុកយូដា
2. ថា៖ «ចូរប្រែចិត្ដ ដ្បិតនគរស្ថានសួគ៌មកជិតបង្កើយ»
3. ដ្បិតអ្នកនេះហើយ ដែលលោកអេសាយ ជាអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា៖ «មានសំឡេងស្រែកនៅទីរហោឋានថា ចូររៀបចំដំណើររបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវរបស់ព្រះអង្គ»។
4. លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ និងខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ ហើយគាត់បរិភោគកណ្ដូប និងទឹកឃ្មុំព្រៃជាអាហារ។
5. បន្ទាប់មកមនុស្សពីក្រុងយេរូសាឡិម ពីគ្រប់ទីកន្លែងក្នុងស្រុកយូដា និងស្រុកទាំងអស់នៅជុំវិញអូរយ័រដាន់ បានចេញមករកគាត់
6. ហើយគេបានទទួលសារភាពបាបរបស់ខ្លួន និងបានទទួលពិធីជ្រមុជទឹកពីគាត់ក្នុងអូរយ័រដាន់។
7. ប៉ុន្ដែពេលឃើញពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹកពីគាត់ គាត់ក៏និយាយទៅគេថា៖ «នែពូជពស់វែកអើយ! តើនរណាព្រមានអ្នករាល់គ្នាឲ្យរត់គេចពីសេចក្ដីក្រោធដែលនឹងមកដល់ដូច្នេះ?
8. ហេតុនេះ ចូរបង្កើតផលផ្លែឲ្យស័ក្តិសមនឹងការប្រែចិត្ដចុះ
9. ហើយកុំគិតក្នុងចិត្ដឲ្យសោះថា យើងមានលោកអ័ប្រាហាំជាឪពុករបស់យើង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចបង្កើតកូនលោកអ័ប្រាហាំពីថ្មទាំងអស់នេះបានដែរ។